(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៣ ខែមករា សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជូនដំណឹងជាផ្លូវការទៅកាន់សភា អំពីសំណើលក់សព្វាវុធគិតជាទឹកប្រាក់ស្មើនឹង ៨ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល ដែលក្នុងនោះរួមមានទាំងអាវុធសម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយស្រង់សម្តីមន្រ្តីអាមេរិកមួយរូប Axios បានរាយការណ៍ថា លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា អ៉ីស្រាអែល មានសិទ្ធិដើម្បីការពារពលរដ្ឋរបស់ខ្លួន ដោយស្របទៅតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីទប់ស្កាត់ ការបង្កហេតុនិងវាយប្រហារពីសំណាក់ប្រទេសអ៉ីរ៉ង់ ក៏ដូចជាក្រុមនានាដែលជាកូនអុក ឬប្រូស៉ី (proxy) របស់ទីក្រុងតេហេរ៉ង់។ សំណើលក់សព្វាវុធខាងលើ នឹងតម្រូវឱ្យមានការអនុម័តយល់ព្រម ពីសំណាក់គណៈកម្មាធិការពាក់ព័ន្ធ នៃរដ្ឋសភានិងព្រឹទ្ធសភា របស់អាមេរិក។
គួរបញ្ជាក់ថា មកទល់ពេលនេះ កិច្ចប្រឹងប្រែងការទូត ហាក់នៅតែមិនទាន់ទទួលបានជោគជ័យឡើយ ដើម្បីបិទបញ្ចប់សង្រ្គាម ដែលមានរយៈពេល១៥ខែមកហើយ របស់អ៉ីស្រាអែល នៅឯតំបន់ហ្កាហ្សា។ លោក បៃដិន នឹងត្រូវចាកចេញពីសេតវិមាន នាថ្ងៃទី២០ ខែមករា ជាពេលដែលលោក ដូណាល់ ត្រាំ នឹងត្រឡប់មកកាន់អំណាចសាជាថ្មី ជាប្រធានាធិបតីអាមេរិក៕