Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅក្រមអាមេរិក គ្រោងប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ក្នុងសំណុំរឿងសូកលុយបំបិទមាត់ មុនថ្ងៃស្បថចូលកាន់តំណែង (Video inside)

04-01-2025 09:29

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៣​ ខែមករា ចៅក្រមមួយរូបនៅសហរដ្ឋអាមេរិក បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងត្រូវផ្តន្ទាទោសនៅថ្ងៃទី១០ ខែមករា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលរូបលោកត្រូវបានរកឃើញថា មានជាប់ពិរុទ្ធ ពីបទពាក់ព័ន្ធប្រើលុយបំបិទមាត់តារាអាសអាភាសម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការកំណត់យកថ្ងៃខាងលើ ដើម្បីប្រកាសសាលក្រម មានន័យថា លោក ត្រាំ នឹងតម្រូវឱ្យបង្ហាញខ្លួនក្នុងសវនាការ ត្រឹមតែ១០ថ្ងៃ​ប៉ុណ្ណោះ មុនរូបលោកត្រូវស្បថ​ចូលកាន់តំណែង នាថ្ងៃទី២០ ខែមករា ដែលជាសេណារីយ៉ូមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់​សហរដ្ឋអាមេរិក។ មុនលោក ត្រាំ គឺពុំធ្លាប់មានអតីតប្រធានាធិបតី ឬក៏ប្រធានាធិបតីអាមេរិក កំពុងកាន់អំណាចណាម្នាក់ ដែលត្រូវបានចោទប្រកាន់ ឬក៏ជាប់ពិរុទ្ធ ក្នុងបទឧក្រិដ្ឋឡើយ។

ចៅក្រមអាមេរិក នៅទីក្រុង ​New York លោក Juan Merchan បាននិយាយថា លោក ត្រាំ អាចបង្ហាញខ្លួន អំឡុងការប្រកាសសាលក្រម ដោយផ្ទាល់ ឬក៏តាមរយៈអនឡាញពីចម្ងាយ។ យ៉ាងណាមិញ ចៅក្រមរូបនោះ បានឱ្យសញ្ញាថា លោកទំនងជានឹងមិនផ្តន្ទាទោស​ឱ្យលោក ត្រាំ ជាប់ពន្ធនាគារ ឬមួយរងការពិន័យផ្សេងទៀតឡើយ ហើយវានឹងបើកផ្លូវឱ្យលោក ត្រាំ អាចចាប់ផ្តើមប្តឹងឧទ្ធរណ៍ ក្នុងសំណុំរឿងនេះ។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ ត្រូវបានប្រកាសឱ្យជាប់ពិរុទ្ធលើ បទចោទប្រកាន់សរុប៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអាជីវកម្ម ដើម្បីបិទបាំងការចំណាយលុយ ១៣០ ០០០ដុល្លារ ក្នុងគោលដៅបំបិទមាត់ តារាអាសអាភាសម្នាក់ឈ្មោះ Stormy Daniels កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតី កាលឆ្នាំ២០១៦។ ប៉ុន្តែ លោក ត្រាំ បានច្រានចោលការចោទប្រកាន់ទាំងឡាយ ប្រឆាំងនឹងរូបលោក៕