(ដាម៉ាស)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រ ទៅកាន់រដ្ឋធានីដាម៉ាស នៅថ្ងៃសុក្រនេះ ដើម្បីជួបជាមួយមេដឹកនាំថ្មីរបស់ស៊ីរី លោក Ahmed al-Sharaa ក្នុងនាមសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Baerbock និងលោក Barrot គឺជារដ្ឋមន្ត្រីដំបូងបង្អស់របស់សហភាពអឺរ៉ុប ដែលមកបំពេញទស្សនកិច្ចនៅស៊ីរី ចាប់តាំងពីក្រុមឧទ្ទាម ដឹកនាំដោយលោក Al-Sharaa បានដណ្តើមកាន់កាប់ទីក្រុងដាម៉ាស កាលពីថ្ងៃទី ៨ ខែធ្នូ និងបានបង្ខំឱ្យលោក Bashar al-Assad ភៀសខ្លួន បន្ទាប់ពីសង្គ្រាមស៊ីវិលជាង ១៣ ឆ្នាំ និងការគ្រប់គ្រងជាច្រើនទសវត្សរ៍។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាការផ្ញើសារសុទិដ្ឋិនិយម ប្រកបដោយការប្រុងប្រយ័ត្ន ទៅកាន់ក្រុមឧទ្ទាមអ៊ីស្លាម ដែលដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) របស់លោក al-Sharaa។ សហភាពអឺរ៉ុប បង្ហាញពីការបើកចំហរ ក្នុងការទទួលស្គាល់អ្នកគ្រប់គ្រងថ្មី ខណៈពេលជាមួយគ្នានេះ ជំរុញឱ្យមានការសម្របសម្រួល និងការគោរពសិទ្ធិជនជាតិភាគតិច។

ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas បានសរសេរនៅលើបណ្តាញសង្គម X ថា «សាររបស់យើងចំពោះថ្នាក់ដឹកនាំថ្មីរបស់ស៊ីរី គឺការគោរពគោលការណ៍ដែលបានព្រមព្រៀងជាមួយតួអង្គក្នុងតំបន់ និងការធានាការការពារជនស៊ីវិល និងជនជាតិភាគតិចទាំងអស់»។

រដ្ឋមន្ត្រីទាំងពីរ បានជួបជាមួយលោក al-Sharaa នៅវិមានប្រជាជន ក្នុងទីក្រុងដាម៉ាស ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចពិភាក្សា មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។

គួរបញ្ជាក់ថា ចាប់តាំងពីការបណ្តេញលោក Assad មក លោក al-Sharaa បាននិងកំពុងព្យាយាមធានាដល់ប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិថា រដ្ឋាភិបាលថ្មី នឹងគ្រប់គ្រងជំនួសប្រជាជនស៊ីរីទាំងអស់ និងមិនមានបំណងនាំចេញបដិវត្តន៍អ៊ីស្លាមនិយមឡើយ។

រដ្ឋាភិបាលលោកខាងលិច កំពុងចាប់ផ្តើមបើកបណ្តាញទំនាក់ទំនងជាបណ្តើរៗ ជាមួយលោក Sharaa និងក្រុម HTS ដែលជាក្រុមមូស្លីមនិកាយស៊ុននី និងធ្លាប់មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម៕