(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនកំពុងរៀបចំភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសស៊ីរី មិនដល់មួយខែផង បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយរុស្ស៊ី នៅទីក្រុងដាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha និងរដ្ឋមន្ត្រីកសិកម្ម លោក Vitaliy Koval។ លោក Zelenskiy បានថ្លែងថា «យើងកំពុងរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាមួយប្រទេសស៊ីរី និងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិ»។
អ៊ុយក្រែន បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយស៊ីរីក្នុងខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីរដ្ឋាភិបាលក្រុងដាម៉ាស ទទួលស្គាល់ «ឯករាជ្យ» នៃតំបន់ Donetsk និង Luhansk របស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។
ចាប់តាំងពីក្រុមឧទ្ទាមបានផ្តួលរំលំប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីខែមុនមក អ៊ុយក្រែនបាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីកសាងទំនាក់ទំនងជាមួយមេដឹកនាំថ្មីនៅស៊ីរី។ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Assad និងជាប្រទេសឈ្លានពានអ៊ុយក្រែនតាំងពីឆ្នាំ ២០២២ បានផ្តល់សិទ្ធិជ្រកកោននយោបាយដល់អតីតមេដឹកនាំស៊ីរីរូបនេះ។
អ៊ុយក្រែន ក៏បានប្រកាសថា នឹងបង្កើនការផ្គត់ផ្គង់ស្បៀងអាហារ និងជំនួយមនុស្សធម៌ទៅកាន់ប្រទេសស៊ីរី។ លោក Zelenskiy បានបញ្ជាក់ថា អ៊ុយក្រែនបានបញ្ជូនម្សៅស្រូវសាលី ៥០០តោនទៅកាន់ប្រទេសស៊ីរី រួចហើយ ហើយនឹងបន្តផ្តល់ជំនួយបន្ថែមទៀត។
គួរបញ្ជាក់ថា ការផ្លាស់ប្តូររបបដឹកនាំនៅស៊ីរី បានបើកឱកាសថ្មីសម្រាប់អ៊ុយក្រែន ក្នុងការបង្កើតទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយប្រទេសនេះ។ ការផ្តួចផ្តើមផ្តល់ជំនួយស្បៀងអាហារ និងការត្រៀមខ្លួនភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងនយោបាយការបរទេសរបស់អ៊ុយក្រែន ឆ្ពោះទៅរកតំបន់មជ្ឈិមបូព៌ា ក្រោយការដួលរលំនៃរបបដែលគាំទ្រដោយរុស្ស៊ី៕