(ម៉ានីល)៖ ប៉ូលិសនៅប្រទេសហ្វីលីពីន បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ថា ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនេសាទហ្វីលីពីន៣នាក់ បានរកឃើញដ្រូនខាងលើ តាំងពីថ្ងៃចន្ទសប្តាហ៍នេះ នៅចម្ងាយប្រហែល៩គីឡូម៉ែត្រ ពីបណ្តោយឆ្នេរ នៃទីក្រុង San Pascual ក្នុងខេត្ត Masbate។ ដ្រូនខាងលើ មានពណ៌លឿង ប្រវែងប្រហែល២ម៉ែត្រ និងរូបរាងស្រដៀងមីស៉ីល torpedo ដែលរត់ក្រោមទឹក ហើយមានអក្សរសម្គាល់ HY-119។ ទោះជាបែបនេះក្តី ដ្រូននោះ មិនមានបំពាក់អាវុធឡើយ ប៉ុន្តែ​ទំនងជាប្រើប្រាស់សម្រាប់សកម្មភាពឃ្លាំមើល និងឈ្លបការណ៍។ ដ្រូននោះត្រូវបានប្រគល់ពីប៉ូលិស ឱ្យទៅកងទ័ពជើងទឹកហ្វីលីពីន កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីននិងចិន មានបញ្ហាវិវាទនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជុំវិញសិទ្ធិដែនសមុទ្រ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ព្រមទាំងកម្មសិទ្ធិលើទីប្រជុំកោះ និងថ្មប៉ប្រះទឹកមួយចំនួន នៅទីនោះ ហើយប៉ុន្មានឆ្នាំចុងក្រោយ ភាគីទាំងពីរបានជួបហេតុការណ៍ប្រឈមមុខគ្នា កាន់តែញឹកញាប់ឡើង៕