(ប៉េកាំង)៖ មុនចូលឆ្នាំថ្មីឆ្នាំសកល លោក ស៊ី ជីងពីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥ ទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាពិភពលោកទាំងមូល។
លោក ស៊ី ជីងពីង បានថ្លែងថា ឆ្នាំ២០២៤ យើងបានរួមគ្នាដើរឆ្លងកាត់ពេលវេលាពេញមួយឆ្នាំ រួមគ្នាឆ្លងកាត់ព្យុះភ្លៀងនិងភាពល្អបវរ ដែលធ្វើឱ្យយើងពិពណ៌នាមិនអស់ និងពិបាកបំភ្លេចបាន។ ក្នុងឆ្នាំនេះ សេដ្ឋកិច្ចចិន បានស្តារឡើងវិញ និងមានភាពល្អប្រសើរ តាមការប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុបនឹងលើសពី ១៣០ទ្រីលានយាន់ប្រាក់ចិន។ បរិមាណបង្កបង្កើនផលស្បៀង មានចំនួនលើសពី ០,៧ ទ្រីលានគីឡូក្រាម ប្រជាជនចិន មានស្បៀងដែលផលិតដោយខ្លួនឯងកាន់តែច្រើន។ ទិដ្ឋភាពមុខរបរថ្មី និងរូបមន្តថ្មីបានលេចចេញជាបន្តបន្ទាប់ បរិមាណផលិតរថយន្តថាមពលស្អាតមានចំនួន លើសពី ១០លានគ្រឿងជាលើកដំបូង។
ជុំវិញស្ថានការណ៍អន្តរជាតិ លោកបានលើកឡើងថា ពិភពលោកបច្ចុប្បន្នមានភាពស្មុគស្មាញ និងភាពរង្គោះរង្គើ ក្នុងនាមជាប្រទេសធំ ដែលមានទំនួលខុសត្រូវ ប្រទេសចិន បានជំរុញយ៉ាងសកម្មនូវកំណែទម្រង់អភិបាលកិច្ចសកល និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព នៃប្រទេសសកលខាងត្បូង។ យើងបានជំរុញដោយស៊ីជម្រៅនិង ជាក់ស្តែងនូវការរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ» ប្រកបដោយគុណភាពខ្ពស់ យើងបានប្រារព្ធដោយជោគជ័យនូវកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកា «សហប្រតិបត្តិការចិន-អាហ្វ្រិក» យើងបានផ្តួចផ្តើមគំនិត ដ៏ជាក់លាក់ក្នុងវេទិកា ទ្វេភាគី និងពហុភាគី ដែលបានបំពេញបន្ថែមកម្លាំងវិជ្ជមាន កាន់តែច្រើន ដល់ការគាំពារសន្តិភាពនិងស្ថិរភាព នៃពិភពលោក។
លោកថ្លែងបន្តថា ឆ្នាំ២០២៥ ប្រទេសចិន នឹងសម្រេចដោយពេញលេញ នូវផែនការជាតិប្រាំឆ្នាំ ទី១៤។ ប្រទេសចិននឹង លើកកម្ពស់ឥតឈប់ឈរនូវកម្រិតកសាង និងអភិបាលកិច្ចសង្គម ដោះស្រាយរឿងតូចធំ របស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីធ្វើឱ្យមនុស្សគ្រប់រូប មានស្នាមញញឹមកាន់តែច្រើន និង កាន់តែមានភាពកក់ក្តៅ។
លោកបន្តថា ខណៈឆ្លើយតប នឹងការវិវឌ្ឍខ្លាំងនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មានក្នុង ១០០ឆ្នាំ យើងត្រូវជម្នះរបាំង និងការប៉ះទង្គិច ដោយទឹកចិត្តយោគយល់គ្នា ត្រូវផ្តោតលើជោគវាសនា នៃមនុស្សជាតិ ដោយចិត្តទូលាយ ។ ប្រទេសចិន មានឆន្ទៈធ្វើការជាមួយគ្រប់ប្រទេស ដើម្បីធ្វើជា អ្នកអនុវត្ត នៃកិច្ចសហប្រតិបត្តិការមេត្រីភាព អ្នកជំរុញ នៃការផ្លាស់ប្តូរអរិយធម៌ទៅវិញទៅមក និងជាអ្នកចូលរួមបង្កើតសហគមន៍រួមជោគវាសនា នៃមនុស្សជាតិ ដើម្បីរួមគ្នាកសាង អនាគតដ៏ល្អបវររបស់ពិភពលោក។
លោកសូមជូនពរអ្នកទាំងអស់គ្នាសម្រេចបាននូវគ្រប់ភារកិច្ចដូចក្តីបំណង មានភាពសប្បាយរីករាយនិងមានភាពសុខសាន្តយូរអង្វែង៕