ក្នុងសុន្ទរកថាអបអរឆ្នាំថ្មី អធិការបតីអាល្លឺម៉ង់ ស្នើឱ្យពលរដ្ឋទៅចូលរួម ការបោះឆ្នោតសកលមុនអាណត្តិ (Video inside)
31-12-2024 15:06
(បែរឡាំង)៖ នៅក្នុងសុន្ទរកថាអបអរឆ្នាំថ្មី អធិការបតីលោក Olaf Scholz បានប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ ២០២៥ ខណៈដែលមានភាពមិនចុះសម្រុងគ្នាជុំវិញបញ្ហាអន្តោប្រវេសន៍ និងការងើបឡើងនៃគណបក្សស្តាំនិយមជ្រុល Alternative for Germany (AfD) នៅអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤។
លោក Scholz គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវថ្ងៃនេះថា សូមទៅបោះឆ្នោត។ ក្រឡេកមើលទៅជុំវិញពិភពលោក អ្នកនឹងដឹងអំពីសមិទ្ធិផលដ៏អស្ចារ្យមួយ នៃការបោះឆ្នោតដែលសេរី និងយុត្តិធម៌»។ លោក Scholz បន្ថែមថា «អនាគតអាល្លឺម៉ង់ នឹងមិនសម្រេចដោយ ម្ចាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទេ។ មិនមែនអ្នកចូលចិត្តស្រែក អាចមកសម្រេចវាសនាអាល្លឺម៉ង់ឡើយ តែផ្ទុយទៅវិញវាអាស្រ័យលើការយល់ឃើញរបស់មនុស្សភាគច្រើន»។
គួរបញ្ជាក់ថា ប្រជាជនអាល្លឺម៉ង់ នឹងធ្វើដំណើរទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសកល នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋាភិបាលចម្រុះដឹកនាំដោយ លោក Scholz រួមមានគណបក្ស Social Democrats របស់លោក គណបក្ស Greens និង Free Democratic Party បានដួលរលំ៕