(សេអ៊ូល)៖ មេធាវីម្នាក់របស់លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារ ទី៣១ ខែធ្នូនេះថាដីកាចាប់ខ្លួនលោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែងរូបនេះជាសកម្មភាពខុសច្បាប់ និងគ្មានសុពលភាព ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកការឃុំខ្លួនលោក Yoon ពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយប្រាប់ AFP មេធាវីម្នាក់របស់លោក Yoon មានឈ្មោះថា Yoon Kab-keun បានបញ្ជាក់ថា «ដីកាចាប់ខ្លួន ឆែកឆេរ និងរឹបអូសដែលត្រូវបានចេញតបតាមសំណើរបស់ ទីភ្នាក់ងារមួយដោយគ្មានអាជ្ញាធរស៊ើបអង្កេត គឺជាសកម្មភាពខុសច្បាប់ និងគ្មានសុពលភាព»។ ប្រតិកម្មពីមេធាវីរបស់លោក Yoon ធ្វើឡើងបន្ទាប់ពីតុលាការមួយក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ បានអនុម័តលើការចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol តបតាមសំណើរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ CIO។
CIO បានទទួលស្គាល់ថាតុលាការក្នុងទីក្រុងសេអ៊ូល បានអនុម័តលើដីកាចាប់ខ្លួនលោក Yoon ហើយដែលនេះគឺជាលើកដំបូងបំផុត ដែលតុលាការចេញដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ កំពុងកាន់អំណាច។ លោក Yoon មិនបានបង្ហាញខ្លួនក្នុងការសួរចម្លើយ តាមការកោះហោះចំនួន៣លើក របស់ប៉ូលិស និងការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ ដែលកំពុងសហការគ្នា លើការស៊ើបអង្កេតថាតើការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon គឺជាទង្វើបះបោរឬក៏យ៉ាងណា?
តាម CIO ដីកាចាប់ខ្លួនលោក Yoon មានសុពលភាពរហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ហើយប្រសិនបើដីកានេះត្រូវបានអនុវត្តពិតមែន នោះលោក Yoon នឹងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅឯ មន្ទីរឃុំឃាំងក្នុងទីក្រុងសេអ៊ូល។ CIO មិនបានបញ្ជាក់ពីហេតុផលនៃការសម្រេចចិត្តរបស់តុលាការនោះទេ ហើយតុលាការផ្ទាល់ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។ ម្យ៉ាង គេមិនទាន់ដឹងថាតើនៅពេលណា ឬក៏ថាតើដីកាចាប់ខ្លួនលោក Yoon នឹងត្រូវអនុវត្តដោយវិធីណានៅឡើយទេ? ចំណែកខាង កងអង្គរក្សប្រធានាធិបតីវិញបាននិយាយថាពួកគេនឹងចាត់ចែងដីកាទៅតាមនីតិវិធី។
គួរបញ្ជាក់ថា បើតាម CIO តុលាការក៏បានអនុម័តលើដីកាឆែកឆេរការិយាល័យរបស់លោក Yoon ផងដែរ។ លោក Yoon កំពុងប្រឈមមុខការស៊ើបអង្កេតពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹង ការចោទប្រកាន់ថារូបលោកជាមេដឹកនាំនៃសកម្មភាពបះបោរមួយ តាមរយៈការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ បទចោទប្រកាន់ពីបទបះបោរនេះគឺស្ថិតនៅក្រោមបទចោទប្រកាន់មួយចំនួនតូច ដែលនៅកូរ៉េខាងត្បូង ប្រធានាធិបតីគឺគ្មានអភ័យឯកសិទ្ធិនោះទេ ប្រសិនបើត្រូវបានគេរកឃើញថាបានប្រព្រឹត្តអំពើបែបនេះ៕