(អូតាវ៉ា)៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Halifax Stanfield International Airport នៅក្នុងខេត្ត Nova Scotia នៃប្រទេសកាណាដា កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ខណៈមានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចតរបស់យន្ដហោះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNN។
ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានទទួលស្គាល់ថាមានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចតរបស់យន្ដហោះបានកើតឡើង តែមិនមាន មនុស្សណាម្នាក់រងរបួសនោះទេ ហើយការចុះចតបន្ទាន់នេះត្រូវបានរាយការណ៍ថាមានភ្លើងឆេះចេញពីយន្ដហោះ។ យន្ដហោះធុន De Havilland DHC-8-402 ដែលមានជើងហោះហើរ AC 2259 និងផលិតដោយកាណាដា បានហោះចេញពីទីក្រុង St John’s នៃខេត្ត Newfoundland មិនអាចហោះទៅដល់គោលដៅរបស់ខ្លួននោះទេ រីឯអ្នកដំណើរត្រូវជិះរថយន្ដក្រុងបន្តដំណើរ របស់ពួកគេ។ ជើងហោះហើរនេះត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Air Canada Express គឺក្រុមហ៊ុន PAL Airlines មានផ្ទុកអ្នកដំណើរ៧៣នាក់។
គួរបញ្ជាក់ថា ការចុះបន្ទាន់របស់យន្ដហោះក្រុមហ៊ុនអាកាសចរណ៍ Air Canada Express កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងមានគ្រោះថ្នាក់ផ្ទុះឆេះយន្ដហោះនៅកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ដោយសម្លាប់មនុស្ស ១៧៩នាក់ ក្នុងចំណោម១៨១នាក់ ហើយមានមនុស្សតែ ២នាក់គត់នៅរស់រានមានជីវិត។ ក្រុមអ្នកជំនាញ និងមន្ត្រីអាកាសចរណ៍ បាននិយាយថាបញ្ហាប្រព័ន្ធដំណើរការចុះចតអាចជាមូលហេតុនៅពីក្រោយសោកនាដកម្មអាកាសចរណ៍នៅកូរ៉េខាងត្បូង៕