(ដាម៉ាស)៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប៊ីសាអូឌីត តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud ដែលនេះវានឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្រ្តីការបរទេសបណ្តោះអាសន្នស៊ីរី។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

លោក al-Shaibani បានសរសេរនៅលើបណ្តាញសង្គម X ថា «ខ្ញុំរីករាយទទួលយកការអញ្ជើញនេះ ហើយទន្ទឹងរង់ចាំតំណាងឱ្យប្រទេសរបស់ខ្ញុំ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនេះ»។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើត «ទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយប្រទេសអារ៉ាប៊ីសាអូឌីតលើវិស័យផ្សេងៗ»

ទោះជាយ៉ាងណា អាជ្ញាធរអារ៉ាប៊ីសាអូឌីត មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈ អំពីកាលបរិច្ឆេទ ឬរបៀបវារៈនៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក Al-Shaibani អំពីដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ធ្វើឡើងក្នុងពេលដែលស៊ីរី កំពុងឆ្លងកាត់ការផ្លាស់ប្តូរនយោបាយដ៏សំខាន់ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលមុន។ ដំណើរទស្សនកិច្ចនេះ អាចនឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងជួយស្តារឋានៈការទូត របស់ស៊ីរី ឡើងវិញ៕