(សេអ៊ូល)៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលមានផ្ទុកមនុស្ស១៨១នាក់ បានជួបគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ដោយ សម្លាប់មនុស្ស១៧៩នាក់ និង២នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត។ យន្តហោះខាងលើជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរចេញពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយ​អ្នកដំណើរសរុប ១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់។ ក្នុងចំណោមអ្នកដំណើរ គឺមានជនជាតិថៃ២នាក់ ក្រៅពីនោះជាជនជាតិកូរ៉េ។ សម្រាប់មនុស្ស២នាក់ ដែលរងរបួសនិងត្រូវបានជួយសង្រ្គោះ គឺជាអ្នកបម្រើការលើយន្តហោះដែលស្ថិតនៅកន្ទុយយន្ដហោះ។

តាមសេចក្ដីរាយការណ៍បឋម អាកាសធាតុអាក្រក់ ឬសត្វបក្សីហោះបុក​អាចជាមូលហេតុធ្វើឱ្យយន្ដហោះពើបប្រទះសោកនាដកម្មដ៏រន្ធត់បែបនេះ។ ប៉ុន្តែ ការចុះចតរបស់យន្ដហោះដោយមិនបញ្ចេញកង់ បាន និងកំពុងបង្កឱ្យ មានការសង្ស័យថាតើសត្វបក្សីពិតជាមូលហេតុធ្វើឱ្យយន្ដហោះ Jeju Air មានបញ្ហាមែនដែរឬក៏យ៉ាងណា? វីដេអូត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម យន្ដហោះបានចុះចតនៅលើផ្លូវដោយរអិលទៅយ៉ាងលឿន ដោយគេមិនបានឃើញបញ្ចេញកង់យន្ដហោះនោះទេ មុនជ្រុលទៅបុកជញ្ជាំងមួយបណ្ដាលឱ្យផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅ។ «មកទល់នឹងពេលនេះ វាមានសំណួរច្រើនជាងចម្លើយ។ ថាតើហេតុអ្វីបានជាយន្ដហោះរអិល នៅលើផ្លូវលឿនយ៉ាងនេះ? ហេតុអ្វីបានជា Flaps ជាកំណាត់ស្ថិតនៅជិតតួយន្តហោះ ប្រើប្រាស់នៅពេលយន្តហោះឡើងឬចុះ ដោយទម្លាក់វាចុះក្រោមដើម្បីបង្កើនបរិមាណកម្លាំងដំណោល មិនដំណើរការ? ហើយហេតុអ្វី បានជាកង់យន្ដហោះមិនធ្លាក់ចេញមក?»។ នេះជាការចោទសួររបស់លោក ​Gregory Alegi ជាអ្នកជំនាញខាងអាកាសចរណ៍ និងជាអតីតគ្រូបង្រៀនម្នាក់នៅបណ្ឌិតសភាកងទ័ពអាកាសអ៉ីតាលី។

ក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយថាការស៊ើបអង្កេតនៃករណីធ្លាក់យន្ដហោះ Jeju Air Flight 7C2216 កំពុងផ្តោតលើផលប៉ះពាល់បង្កឡើងដោយសត្វបក្សីហោះបុកចូលម៉ាស៊ីនយន្ដហោះ និងបញ្ហាអាកាសធាតុ ខណៈ បើតាមអនុរដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង លោក Joo Jong-wan ផ្លូវយន្ដហោះមានប្រវែង ២៨០០ម៉ែត្រ មិនជាប់ពាក់ព័ន្ធនឹងកត្តា ឬជាមូលហេតុនៃសោកនាដកម្មនេះទេ ហើយជញ្ជាំងនៅចុងផ្លូវវិញ ត្រូវបានសាងសង់តាមបទដ្ឋានស្ដង់ដារ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Jeju Air មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ហើយក្រុមហ៊ុនបានបដិសេធធ្វើការអត្ថាធិប្បាយដោយនិយាយអំឡុងសន្និសីទ្នសារព័ត៌មានថាការស៊ើបអង្កេត កំពុងធ្វើឡើង។

លោក Christian Beckert ជាអ្នកជំនាញខាងសុវត្ថិភាពហោះហើរ និងជាពីឡុតរបស់ក្រុមហ៊ុន Lufthansa បានកត់សម្គាល់ថាវីដេអូដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម អាចសន្មត់បានថាមួយផ្នែកធំ នៃប្រព័ន្ធហ្វ្រាំងរបស់យន្ដហោះមិនបានដំណើរការឡើយ ដែលនេះបង្កើតជាបញ្ហាធំមួយ ហើយធ្វើឱ្យយន្ដហោះចុះចតដោយរអិលលើផ្លូវយ៉ាងលឿន។ អ្នកជំនាញរូបនេះបន្ថែមថាករណីសត្វបក្សីហោះបុក ឬហោះចូលម៉ាស៊ីន ទំនងជាមិនបង្កការខូចខាតដល់កង់យន្ដហោះទេ តែកង់យន្ដហោះបែរជាមិនបានបញ្ចេញទៅវិញ។​ «ជាការពិតណាស់ វាជារឿងដ៏កម្រ និងមិនធម្មតាដែលកង់យន្ដហោះមិនបញ្ចេញ ពីព្រោះមានប្រព័ន្ធឯករាជ្យមួយដែល គេអាចបញ្ចេញកង់យន្ដហោះដោយប្រើប្រព័ន្ធជំនួសមួយផ្សេងទៀត»។ នេះជាការយល់ឃើញរបស់លោក Beckert។

ដោយឡែក បើតាមលោក Geoffrey Dell ជាអ្នកជំនាញខាងសុវត្ថិភាពអាកាសចរណ៍របស់អូស្ត្រាលី ការបុកទង្គិចជាមួយសត្វបក្សី អាចធ្វើឱ្យប៉ះពាល់ដល់ម៉ាស៊ីនយន្ដហោះ លុះត្រាតែសត្វបក្សីច្រើនក្បាលបានហោះចូល ឬត្រូវបានបូមចូលទៅក្នុងម៉ាស៊ីនយន្ដហោះ។ ប៉ុន្តែជាធម្មតា វាក៏មិនធ្វើឱ្យម៉ាស៊ីនគាំងភ្លាមៗនោះដែរ ដែលនេះទុកពេលវេលាឱ្យពីឡុតចាត់វិធានការ។ តែផ្ទុយពីលោក Geoffrey Dell លោក Kim Kwang-il បាននិយាយថា ការប៉ះទង្គិចជាមួយសត្វបក្សី អាចបង្កឱ្យមានភ្លើងឆេះនៅក្នុងម៉ាស៊ីន ដោយបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធបញ្ចេញកង់យន្ដហោះដែលនេះមានន័យថាកងយន្ដហោះមិនបានបញ្ចេញដោយរលូននៅពេលចុះចតឡើយ។ លោក Kim បន្តថាលោកពិតជាសោកសៅបំផុតនៅពេលបានឃើញយន្ដហោះបុកជាមួយជញ្ជាំង ដោយលោកយល់ថាគេមិនគួរសាងសង់ជញ្ជាំង ឬវត្ថុរឹងទេ ពីព្រោះប្រសិនបើគ្មានជញ្ជាំងនៅទីនោះ ម្ល៉េះអាយុជីវិតមនុស្ស អាចនឹងត្រូវបានជួយសង្រ្គោះ។ «ភាគច្រើននៃអ្នកដំណើរគឺស្លាប់ដោយសារឧបសគ្គមួយនេះ (ជញ្ជាំង)...ហើយខណៈការប៉ះទង្គិចជាមួយសត្វបក្សី ឬជាការសម្រេចរបស់ព្រះ គឺជាមូលហេតុនៃពីក្រោយគ្រោះថ្នាក់នេះ និងជារឿងចៀសមិនរួច តែវត្តមានជញ្ជាំងនេះបានប្រែក្លាយទៅជាសោកនាដកម្ម»។ នេះជាការគូសបញ្ជាក់របស់លោក Kim Kwang-il ដោយសង្កត់ធ្ងន់បន្ថែមថាបើគ្មានជញ្ជាំងទេ យន្ដហោះអាចរអិលទៅរកកន្លែងឈប់ ដោយសុវត្ថិភាពមួយ។ ជញ្ជាំងដែលត្រូវបានគេសាងសង់ប្រវែង ២៥១ម៉ែត្រពីចុងផ្លូវរត់ គឺភ្ជាប់ជាមួយអង់តែងសម្រាប់ ប្រព័ន្ធ ILS ( Instrument Landing System) ដែលនាំផ្លូវយន្ដហោះក្នុងគ្រាមានអាកាសធាតុអាក្រក់។

យ៉ាងណាក៏ដោយ លោក David Soucie ជាអតីតអ្នកត្រួតពិនិត្យសុវត្ថិភាពនៃរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា «សត្រូវធំបំផុតរបស់អ្នកស៊ើបអង្កេតមួយរូប នោះគឺការសង្ស័យ ឬពាក្យចចាមអារ៉ាម។ ដូច្នេះទើបមានការប្រុងប្រយ័ត្នបំផុត នៅពេលមានការស៊ើបអង្កេតពីករណីធ្លាក់យន្ដហោះ ហើយព័ត៌មានត្រូវបានការពារយ៉ាងមាំទំា ដោយមិនត្រូវបណ្ដោយឱ្យមានពាក្យចចាមអារ៉ាមផ្ដេសផ្ដាស នោះទេ»។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ គ្រោះថ្នាក់ធ្លាក់យន្ដហោះអាចបណ្ដាលមកពីកត្តាគួបផ្សំជាច្រើន ដូច្នេះគេអាចត្រូវចំណាយពេលរាប់ខែ ឬច្រើនឆ្នាំ ដើម្បីកំណត់មូលហេតុពិតតាមរយៈការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ។ គ្រោះថ្នាក់យន្ដហោះកាលពីថ្ងៃអាទិត្យ គឺជាសោកនាដកម្មអាកាសចរណ៍ដ៏អាក្រក់បំផុតដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ចាប់តាំងពីយន្ដហោះរបស់ក្រុមហ៊ុន Korean Air ហោះបុក កូនភ្នំមួយនៅលើកោះ Guam ជាដែនដីអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងឆ្នាំ១៩៩៧ ដោយសម្លាប់មនុស្ស ២២៩នាក់ ក្នុងចំណោមអ្នកជិះនៅលើនោះទាំងអស់ ២៥៤នាក់៕