(បាងកក)៖ អាជ្ញាធរថៃ នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនមិនបានរកឃើញភស្តុតាងណាមួយ ដែលបញ្ជាក់ពីរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលថា ធនាគារថៃត្រូវបានប្រើប្រាស់ដើម្បីជួយដល់របបយោធាមីយ៉ាន់ម៉ា ក្នុងការទទួលបានអាវុធនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយធនាគារកណ្តាលថៃ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់។ ការស៊ើបអង្កេតនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីខែមិថុនា ដែលបានលើកឡើងថា ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្រទេសថៃ បានប្រើប្រាស់ធនាគារថៃ ដើម្បីផ្ទេរប្រាក់សម្រាប់ទិញអាវុធទៅឱ្យមីយ៉ាន់ម៉ា។
ធនាគារកណ្តាលថៃ និងការិយាល័យប្រឆាំងការលាងលុយកខ្វក់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា «ការស៊ើបអង្កេតបានរកឃើញថា ស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានធ្វើប្រតិបត្តិការជាមួយបុគ្គលដែលមាននៅក្នុងរបាយការណ៍របស់ OHCHR ប៉ុន្តែគ្មានភស្តុតាងណាមួយត្រូវបានរកឃើញដែលភ្ជាប់ប្រតិបត្តិការទាំងនេះទៅនឹងលទ្ធកម្មអាវុធនោះទេ»។
គួរបញ្ជាក់ថា ទោះបីជាមិនបានរកឃើញភស្តុតាង នៃការជាប់ពាក់ព័ន្ធ ក្នុងការទិញអាវុធក៏ដោយ ក៏អាជ្ញាធរថៃ បានទទួលស្គាល់ពីតម្រូវការ ក្នុងការពង្រឹងការត្រួតពិនិត្យ និងការអនុវត្តប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម៕