(ដាម៉ាស)៖ រដ្ឋាភិបាលថ្មីរបស់ស៊ីរី ដែលដឹកនាំដោយក្រុមអ៊ីស្លាមនិយម បានប្រកាសពីបំណងក្នុងការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយអ៊ុយក្រែន។ ការប្រកាសនេះធ្វើឡើងស្របពេលដែលទីក្រុងគៀវ បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីនៅទីក្រុងដាម៉ាស និងចំពេលមានសញ្ញាបង្ហាញថា ឥទ្ធិពលរបស់រុស្ស៊ី ដែលជាអតីតខ្នងបង្អែកដ៏រឹងមាំរបស់របបលោក Assad កំពុងធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសស៊ីរីដែលទើបតែងតាំងថ្មី លោក Asaad Hassan al-Shibani i បានបញ្ជាក់ពីបំណងនេះ ក្នុងជំនួបជាមួយសមភាគីអ៊ុយក្រែន លោក Andrii Sybiha នៅទីក្រុងដាម៉ាស។
នាឱកាសនោះ លោកបានថ្លែងទៅកាន់សមភាគីអ៊ុយក្រែន លោក Andrii Sybiha ថា «នឹងមានភាពជាដៃគូយុទ្ធសាស្ត្ររវាងយើង និងអ៊ុយក្រែនលើកម្រិតនយោបាយ សេដ្ឋកិច្ច និងសង្គម និងភាពជាដៃគូវិទ្យាសាស្ត្រ»។ ទន្ទឹមគ្នានេះ លោកក៏បានប្រៀបធៀបបទពិសោធន៍ដ៏ឈឺចាប់នៃសង្រ្គាមស៊ីវិលជាង១៤ឆ្នាំ ទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយគូសបញ្ជាក់ពីភាពស្រដៀងគ្នារវាងប្រជាជាតិទាំងពីរ។
លោក Sybiha ដែលបានធ្វើដំណើរទៅកាន់ទីក្រុងដម៉ាស ដើម្បីជួបជាមួយមេដឹកនាំថ្មីរបស់ស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃចន្ទ បានប្រកាសពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ស៊ីរី។ ជាក់ស្តែង អ៊ុយក្រែនបានបញ្ជូនជំនួយស្បៀងអាហារចំនួន ២០ តោនរួចហើយ ហើយសន្យាថានឹងមានការដឹកជញ្ជូនបន្ថែមទៀតនាពេលខាងមុខ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីសប្តាហ៍មុន បានប្រកាសពីការបញ្ជូនជំនួយស្បៀងអាហារដំបូង ៥០០ តោន តាមរយៈគំនិតផ្តួចផ្តើម «គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន» សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងការសន្យាផ្តល់ជំនួយស្បៀងអាហារ បង្ហាញពីការចាប់ផ្តើមនៃទំនាក់ទំនងថ្មីរវាងអ៊ុយក្រែន និងរដ្ឋាភិបាលថ្មីរបស់ស៊ីរី។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ពីគោលនយោបាយការបរទេសពីមុនរបស់ស៊ីរី ដែលធ្លាប់តែពឹងផ្អែកខ្លាំងលើរុស្ស៊ី៕