(ប៉េកាំង)៖ "ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ " "ប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក កំពុងដើរតាមមាគ៌ាដែលឆ្ពោះទៅរកការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះជាលំដាប់ "។ល។ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសលទ្ធផលនៃការធ្វើជំរឿនសេដ្ឋកិច្ចទូទាំងប្រទេសចិនលើកទី ៥ កាលពីថ្ងៃទី ២៦ ខែធ្នូ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានវាយតម្លៃ យ៉ាងសកម្មចំពោះការនេះ។ ទិន្នន័យបង្ហាញថា GDP របស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួនជិត ១៣០ ទ្រីលានយាន់ប្រាក់ចិនដែលទំហំសេដ្ឋកិច្ចសរុបបានជាប់ចំណាត់ថ្នាក់ទី២លើពិភពលោក ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យមគឺ ប្រហែល ៣០ ភាគរយដែលបានក្លាយជាប្រភពកំណើនដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ នៅថ្ងៃដដែល ធនាគារពិភពលោកបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៤ និង ២០២៥។
មជ្ឈដ្ឋានខាងក្រៅបានសម្គាល់ឃើញថា លទ្ធផលនៃការធ្វើជំរឿនលើកនេះ គឺ ពិតប្រាកដនិងត្រឹមត្រូវ ដែលបានឆ្លុះបញ្ចាំងយ៉ាងសត្យានុម័ត នូវសភាពការណ៍ស្តីពីការអភិវឌ្ឍនិងបម្រែបម្រួលរបស់សេដ្ឋកិច្ចចិនក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ។ លោក Wang Xiaosong សាស្រ្តាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ច នៃសាកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា សមិទ្ធផលបែបនេះ សំខាន់គឺបានមកពីរដ្ឋាភិបាលចិន បានអនុវត្តគោលនយោបាយគ្រប់គ្រងជាម៉ាក្រូ ដែលប្រកបដោយវិទ្យាសាស្ត្រនិងប្រសិទ្ធភាព ដែលបានយកឈ្នះលើការលំបាកនិងការសាកល្បងជាច្រើន ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលចិនបានពន្លឿនការអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មី ដោយសមស្របនឹងតម្រូវការនៃយុគសម័យ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។
បើមើលពីលទ្ធផលនៃការធ្វើជំរឿនអាចឃើញថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រឈមមុខនឹងហានិភ័យនិងការសាកល្បងជាច្រើន ដូចជា កម្លាំងសម្ពាធដែលបណ្តាលមកពីការធ្លាក់ចុះខាងសេដ្ឋកិច្ចសកលមានភាពកាន់តែខ្លាំងឡើង ភាពច្របូកច្របល់ខាងភូមិសាស្ត្រនយោបាយ មានភាពកាន់តែធ្ងន់ធ្ងរ គាំពារនិយមផ្នែកពាណិជ្ជកម្ម កំពុងងើបឡើងវិញជាបន្តបន្ទាប់និងការរីករាលដាលនៃជំងឺកូវីដ ១៩ ជាដើម សេដ្ឋកិច្ចចិនបានទប់ទល់នឹង កម្លាំងសម្ពាធដែលបានរំលេចចេញបម្រែបម្រួលវិជ្ជមានជាច្រើន ក្នុងវិស័យដូចជាការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ ការជំរុញភាពច្នៃប្រឌិតថ្មី និងការធ្វើបដិវត្តកម្មភាពបៃតងជាដើម ។
ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនក៏បាននាំមកនូវ "ភាពបៃតង" កាន់តែច្រើនផងដែរ ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ការធ្វើបរិវត្តកម្មភាពបៃតង និងកាបូនទាបនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិនទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយឧស្សាហកម្មថាមពលថ្មី បានទទួលការអភិវឌ្ឍយ៉ាងផុលផុស ។ ឧទាហរណ៍ដូចជា បរិមាណផលិតរថយន្តថាមពលថ្មីក្នុងឆ្នាំ ២០២៣ បានឡើងដល់ ៩ លាន ៤ សែន ៥ ម៉ឺន ៨ ពាន់គ្រឿងដែលកើនឡើង ៦.៩ ដងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ហើយបរិមាណផលិតរថយន្តបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នាដែលសមមាត្រមានចំនួនលើសពី ៦០ ភាគរយនៃទូទាំងពិភពលោក ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ការធ្វើជំរឿនសេដ្ឋកិច្ចរបស់ចិនឱ្យបានពេញលេញវាមានសារសំខាន់ជាសកល ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បរិយាកាសអន្តរជាតិបានកើតមានបម្រែបម្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ ក្នុងនោះ ក៏បានឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ អស់រយៈពេល៣ឆ្នាំផងដែរ ។ ប្រឈមមុខនឹងការសាកល្បងគ្រប់ប្រភេទ សេដ្ឋកិច្ចចិនបានរក្សាកំណើន ដោយនឹងនរជាលំដាប់ ដែលបានបង្ហាញពីភាពធន់យ៉ាងខ្លាំងក្លា ។ ក្នុងអំឡុងពេលនេះ ឧស្សាហកម្មកម្មន្តសាលរបស់ប្រទេសចិនបានស្តារផលិតភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ដែលបានធានាឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលដំណើរការដោយប្រក្រតី ក៏ដូចជាបានរួមចំណែកយ៉ាងធំធេងក្នុងការលំនឹងសេដ្ឋកិច្ចពិភពលោក ។
ជំនឿចិត្តបែបនេះកំពុងត្រូវបានបង្កើនថែមមួយកម្រិតទៀត ពោលគឺ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា គួរពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់និង"លំនឹងពាណិជ្ជកម្មបរទេសនិងលំនឹងការវិនិយោគបរទេស" ។ ពិភពលោកអាចមើលឃើញច្បាស់ថែមមួយកម្រិតទៀតថា ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល ហើយប្រទេសចិនដែលកាន់តែមានភាពបើកទូលាយ មុខជានឹងមានអំណោយផលដល់ពិភពលោកជាក់ជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន