(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ តុលាការក្នុងប្រទេសចិន បានកាត់ទោសក្មេងប្រុសវ័យជំទង់ម្នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទសម្លាប់មិត្តរួមថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជនសង្ស័យ ៣នាក់ មានអាយុក្រោម ១៤ឆ្នាំ នៅពេលប្រព្រឹត្តិអំពើឃាតកម្ម ត្រូវបានចោទប្រកាន់ កាលពីខែមេសា ថាបានធ្វើទុក្ខបុកម្នេញនិងសម្លុតមិត្តរួមថ្នាក់របស់ខ្លួន អាយុ ១៣ឆ្នាំ នាមត្រកូល Wang អស់រយៈពេលយូរមកហើយ មុនពេលសម្លាប់ នៅឯផ្ទះបោះបង់ចោលមួយកន្លែង។ តុលាការខេត្ត Hebei ភាគខាងជើងប្រទេសចិន បានឱ្យដឹងថា ក្មេងប្រុសនាមត្រកូល Zhang ត្រូវបានរកឃើញថាមានពិរុទ្ធ ពីបទមនុស្សឃាតដោយចេតនា។ ចំណែក ក្មេងប្រុសនាមត្រកូល Li ត្រូវជាប់ពន្ធនាគារ ១២ឆ្នាំ និងម្នាក់ទៀតនាមត្រកូល Ma ដែលតុលាការរកឃើញថា មិនបានធ្វើ​បាប​ជន​រង​គ្រោះ ​ត្រូវ​​កាត់ទោស​ឱ្យយកទៅអប់រំ​កែប្រែ។

ព័ត៌មានលម្អិតដ៏អាក្រក់នៃករណីនេះ ដែលឃាតករត្រូវគេរាយការណ៍ថា បានវាយជនរងគ្រោះនឹងប៉ែល មុនពេលដុតសាកសព កំពុងទាញការចាប់អារម្មណ៍ជាសាធារណៈ ទៅលើនីតិវិធីច្បាប់ដើម្បីដោះស្រាយជាមួយអនីតិជន ដែលត្រូវចោទប្រកាន់ពី បទឧក្រិដ្ឋធ្ងន់ធ្ងរ។ តំណាងអយ្យការនិយាយថា ដោយសារតែចុងចោទមានអាយុលើសពី ១២ឆ្នាំ ប៉ុន្តែក្រោម ១៤ឆ្នាំ នៅពេលប្រព្រឹត្តបទឧក្រិដ្ឋ ដូច្នេះពួកគេគួរតែទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ស្របតាមច្បាប់របស់ប្រទេសចិន៕