(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ កូរ៉េខាងត្បូង បានបើកយុទ្ធនាការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ លើយន្តហោះម៉ូដែល Boeing 737-800 ទាំងអស់ ដែលធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍នានា របស់ប្រទេសអាស៉ីបូព៌ាមួយនេះ ក្រោយយន្តហោះម៉ូដែលនេះមួយគ្រឿង របស់ Jeju Air បានជួបគ្រោះថ្នាក់អំឡុងពេលចុះចត ហើយផ្តាច់ជីវិតមនុស្ស ១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Joo Jong-wan អនុរដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការអាកាសចរណ៍ស៉ីវិល បាននិយាយថា កំណត់ត្រា​​ស្តីពីការជួសជុលថែទាំលើប្រព័ន្ធសំខាន់ៗ ដូចជាម៉ាស៉ីននិងកង់យន្តហោះជាដើម នឹងត្រូវត្រួតពិនិត្យមើលយ៉ាងល្អិតល្អន់ជាទីបំផុត សម្រាប់យន្តហោះ Boeing 737-800 សរុបចំនួន១០១គ្រឿង ដែលធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ខណៈ​យុទ្ធនាការត្រួតពិនិត្យនេះ នឹងដំណើរការរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។

គួរបញ្ជាក់ថា កាលពីវេលាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ យន្តហោះ Boeing 737-800 ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ផ្ទុកមនុស្សសរុប១៨១នាក់ មកពីទីក្រុងបាងកកប្រទេសថៃ ឆ្ពោះមកកាន់ប្រទេសកូរ៉េខាងត្បូង បានព្យាយាមធ្វើការ​ចុះចតបន្ទាន់ទាំងគ្មានកង់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan នៃប្រទេសកូរ៉េខាងត្បូង ប៉ុន្តែយន្តហោះ ក៏បានរអិលធ្លាក់ផុតចេញពីផ្លូវ ទៅបុកពេញទំហឹងជាមួយជញ្ជាំងថ្ម បណ្តាលឱ្យផ្ទុះឆេះ។ មនុស្សសឹងទាំងអស់នៅលើនោះ គឺ១៧៩នាក់ បានបាត់បង់ជីវិត លើកលែងតែអ្នកបម្រើលើយន្តហោះ២នាក់ ដែលត្រូវបានសង្រ្គោះ​ចេញពីកំណាត់កន្ទុយយន្តហោះ ទាំងនៅមានជីវិត៕