(មូស្គូ)​៖ រដ្ឋមន្រ្តីការបរទេស លោក Sergey Lavrov បានប្រាប់បទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថារុស្ស៉ីទាន់មិនពេញចិត្ត ចំពោះផែនការរបស់ក្រុមការងារលោក ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលថានឹងពន្យារពេល សមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ (NATO) រយៈពេល ២០ឆ្នាំសិន ហើយដាក់ពង្រាយ​កងរក្សា​សន្តិភាពសហភាពអឺរ៉ុប (EU) និងអង់គ្លេស នៅទីនោះវិញ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤។

លោក Lavrov គូសបញ្ជាក់ថា «ផ្អែកលើការបែកធ្លាយជាច្រើន និងបទសម្ភាសន៍ផ្ទាល់របស់ លោក ត្រាំ ជាមួយទស្សនាវដ្តី Time កាលពីថ្ងៃទី១២ ខែធ្នូ គឺលោកចង់ថា ឱ្យផ្អាកអរិភាព នៅតាមខ្សែបន្ទាត់ជួរមុខ ហើយផ្ទេរការទទួលខុសត្រូវ លើការប្រឈមមុខ ជាមួយរុស្ស៉ី ឱ្យទៅអឺរ៉ុបវិញ។ យើងពិតជាមិនពេញចិត្តទេ ចំពោះផែនការរបស់ក្រុមការងារ លោក ត្រាំ ដើម្បីពន្យារពេលសមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ រយៈពេល ២០ឆ្នាំ និងដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព នៃចក្រភពអង់គ្លេស និងកងកម្លាំងអឺរ៉ុបនៅអ៊ុយក្រែន»

ទន្ទឹមនឹងនេះ លោក Lavrov កត់សម្គាល់ថា ទីក្រុងមូស្គូ មិនទាន់ទទួលបានសញ្ញាផ្លូវការណាមួយ ពីសហរដ្ឋអាមេរិក ស្តីពី​ការដោះស្រាយបញ្ហាអ៊ុយក្រែនឡើយ។ រហូតដល់ថ្ងៃទី២០ ខែមករា ទើបជាថ្ងៃកាន់តំណែងផ្លូវការ លោក ត្រាំ មានឋានៈត្រឹមតែជាប្រធានាធិបតីជាប់ឆ្នោតប៉ុណ្ណោះ។ ដូចេ្នះឥឡូវនេះ គោលនយោបាយទាំងអស់ត្រូវកំណត់ ដោយប្រធានាធិបតីកំពុងកាន់អំណាច និងរដ្ឋបាលរបស់គាត់ ហើយ​មិនមានការពិភាក្សា លើកិច្ចចរចាជាមួយអ៊ុយក្រែននោះទេ៕