(សេអ៊ូល)៖ អ្នកបម្រើការលើយន្តហោះ២នាក់ គឺជាបុគ្គលតែ២នាក់គត់ ដែលបានរួចរស់ជីវិត ពីគ្រោះថ្នាក់នៃយន្តហោះអាកាសចរណ៍ Jeju Air នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan នៃប្រទេសកូរ៉េខាងត្បូង ដែលបានសម្លាប់មនុស្សសរុប រហូតដល់១៧៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤។
អ្នកបម្រើការលើយន្តហោះ២នាក់ ម្នាក់មានត្រកូល Lee អាយុ៣៣ឆ្នាំ និងម្នាក់ទៀតត្រកូល Kwon អាយុ២៥ឆ្នាំ គឺជាមនុស្សតែ២នាក់គត់ ដែលនៅមានជីវិត និងត្រូវបានជួយសង្រ្គោះ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់អាកាសចរណ៍ Jeju Air បានព្យាយាមធ្វើការចុះចតបន្ទាន់ទាំងគ្មានកង់ ហើយក៏រអិលធ្លាក់ផុតចេញពីផ្លូវ ទៅបុកជាមួយជញ្ជាំងថ្មមួយ រួចផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដ្ឋាន Muan។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង ពេលដឹងខ្លួននៅមន្ទីរពេទ្យ អ្នកបម្រើលើយន្តហោះ ដែលមានត្រកូល Lee ភេទប្រុស បានសួរវេជ្ជបណ្ឌិតថា «តើមានអ្វីកើតឡើង? ហេតុអ្វីជាបានខ្ញុំនៅទីនេះ?»។ អ្នកបម្រើលើយន្តហោះរូបនោះ ហាក់នៅចាំត្រឹមថា ខ្លួនបានអង្គុយចុះ និងដាក់ខ្សែក្រវាត់ ស្របពេលយន្តហោះ ត្រៀមចុះចត។ រូបគេបានរងរបួសធ្ងន់ រួមមានបាក់ស្មាខាងឆ្វេង និងប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ រីឯអ្នកបម្រើលើយន្តហោះម្នាក់ទៀត ដែលជាភេទស្រី គឺស្រដៀងទៅនឹង Lee ដែរ ដោយរូបនាងហាក់មិនអាចចងចាំអំពីហេតុការណ៍ ដែលបានកើតឡើងឡើយ។ ស្ថានភាពរបួសរបស់នាង រួមមានមានស្នាមដាច់ត្រង់ផ្នែកក្បាល បាក់កែងជើង និងរបួសគ្រឿងក្នុង។
នាពេលនេះ អ្នកបម្រើការលើយន្តហោះទាំងពីរនាក់ កំពុងបន្តទទួលការតាមដានព្យាបាល នៅមន្ទីរពេទ្យ។ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ពួកគេមានតួនាទីបម្រើអ្នកដំណើរ នៅផ្នែកខាងក្រោយនៃយន្តហោះ ហើយក្រោយយន្តហោះជួបគ្រោះ អ្នកទាំងពីរត្រូវបានក្រុមសង្រ្គោះ សង្រ្គោះយកចេញពីកំណាត់កន្ទុយ ដែលនៅសល់បន្តិច ខណៈយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញ ដោយសារការផ្ទុះ។
គួរបញ្ជាក់ថា យន្តហោះ Boeing B737-800 មានជើងហោះហើរ 7C2216 របស់អាកាសចរណ៍ Jeju Air បានធ្វើដំណើរមកពីទីក្រុងបាងកកនៃប្រទេសថៃ ជាមួយអ្នកដំណើរ១៧៥នាក់ និងក្រុមការងារយន្តហោះផ្ទាល់៦នាក់។ យន្តហោះបានរអិលធ្លាក់ផុតចេញពីផ្លូវ ទៅបុកជាមួយជញ្ជាំងថ្មហើយផ្ទុះឆេះ អំឡុងពេលព្យាយាមចុះចតទាំងគ្មានកង់ កាលពីវេលាម៉ោងខ្ទង់៩ព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ហើយជាលទ្ធផលបានបណ្តាលឱ្យមនុស្ស១៧៩នាក់ស្លាប់ ពោលគឺនៅរស់តែ២នាក់ខាងលើប៉ុណ្ណោះ៕