(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសយកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស សម្រាប់មរណភាពរបស់ អតីតប្រធានាធិបតី លោក Jimmy Carter កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤។

លោក Biden បានប្រកាសយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់ នាំគ្នាជួបជុំនាថ្ងៃនោះ (៩ មករា ២០២៥) នៅតាមកន្លែងប្រតិបត្តិសាសនារៀងៗខ្លួន ហើយសម្តែងក្តីគោរពចំពោះលោកប្រធានាធិបតី James Earl Carter, Jr.។ ខ្ញុំសូម​អញ្ជើញមនុស្សគ្រប់គ្នានៅទូទាំងពិភពលោក ដែលចែករំលែកទុក្ខក្រៀមក្រំយើងដែរនោះ ចូលរួមជាមួយពួកយើង ក្នុងឱកាសកាន់ទុក្ខ​នេះ»

គួរបញ្ជាក់ថា លោក Jimmy Carter ដែលមានអាយុ១០០ឆ្នាំ បានទទួលការព្យាបាលថែទាំ ក្នុងដំណាក់កាល នៃជីវិតចុងក្រោយ របស់លោក ចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ នៅឯផ្ទះរបស់លោកផ្ទាល់ក្នុងទីក្រុង Plains នៃរដ្ឋ Georgia។ កើតនៅឆ្នាំ១៩២៤ លោក Carter ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផងនោះ បានកាន់តំណែងប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យចាប់ពីខែមករា ឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៨១ បន្ទាប់ពីបានយកឈ្នះលើប្រធានាធិបតី កំពុងកាន់អំណាចនៅពេលនោះ គឺលោក Gerald Ford ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ១៩៧៦៕