(សេអ៊ូល)៖ កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ជើងហោះហើរមួយទៀតរបស់អាកាសចរណ៍ Jeju Air នៅប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់មកចុះចត នៅអាកាសយានដ្ឋានវិញ ដោយសុវត្ថិភាព បន្ទាប់ពីហោះឡើងបានបន្តិច ក៏ជួបបញ្ហាផ្នែកកង់ស្រដៀងគ្នា ទៅនឹងបញ្ហារបស់យន្តហោះដាច់ដោយឡែកមួយទៀត ប៉ុន្តែមានម៉ូដែលដូចគ្នារបស់អាកាសចរណ៍នេះ ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។
ជើងហោះហើរ 7C101 របស់អាកាសចរណ៍ Jeju Air ដែលបានហោះចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Gimpo សំដៅឆ្ពោះទៅកាន់ទីក្រុង Jeju កាលពីវេលាម៉ោង៦៖៣៧នាទីព្រឹក បានជួបបញ្ហាមួយពាក់ព័ន្ធទៅនឹងកង់ ក្រោយហោះឡើងបានបន្តិច។ យន្តហោះនោះ ក៏បានត្រឡប់មកកាន់អាកាសយានដ្ឋាន Gimpo វិញ ហើយចុះចតដោយសុវត្ថិភាព នៅម៉ោង៧៖២៥នាទីព្រឹក ជាមួយអ្នកដំណើរ១៦១នាក់។
កង់គឺជាផ្នែកដ៏សំខាន់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយសុវត្ថិភាពនៃជើងហោះហើរមួយ ពោលគឺពួកវាជួយធានាសុវត្ថិភាព សម្រាប់ការហោះឡើង និងចុះចតរបស់យន្តហោះ ហើយកាត់បន្ថយហានិភ័យ អំឡុងការចុះចតលក្ខណៈបន្ទាន់។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់យន្តហោះរបស់ Jeju Air ១គ្រឿង ដែលបានរអិលធ្លាក់ចេញពីផ្លូវ ហើយផ្ទុះឆេះអំឡុងពេលព្យាយាមចុះចត នៅស្រុក Muan កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ និងបានផ្តាច់ជីវិតមនុស្ស១៧៩នាក់ ក្នុងចំណោម១៨១នាក់ ត្រូវបានជឿថា កង់ទាំង៣របស់យន្តហោះនោះ បានជាប់គាំងមិនអាចបញ្ចេញមកខាងក្រៅ ជាហេតុបង្ខំឱ្យយន្តហោះត្រូវចុះចត ទាំងគ្មានកង់។ យន្តហោះដែលត្រឡប់មកវិញ ដោយសុវត្ថិភាពនាថ្ងៃចន្ទនេះ គឺជាម៉ូដែល Boeing B737-800 ពោលគឺម៉ូដែលដូចគ្នាជាមួយ Boeing B737-800 ដែលបានជួបគ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យ។ អាកាសចរណ៍ Jeju Air ធ្វើប្រតិបត្តិការ យន្តហោះម៉ូដែលនេះ សរុប៣៩គ្រឿង ក្នុងចំណោមយន្តហោះទាំងអស់របស់ខ្លួន ចំនួន៤១គ្រឿង៕