(សេអ៊ូល)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់កូរ៉េខាងត្បូង បានសុំទោសជនរងគ្រោះក្នុងឧបទ្ទវហេតុ យន្តហោះជួបគ្រោះថ្នាក់អំឡុងពេលចុះចត ដែលបណ្តាលឱ្យមនុស្សចំនួន ១៧៩នាក់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក Kim E-bae បាននិយាយថា «មូលហេតុនៃគ្រោះថ្នាក់គេមិនទាន់ដឹងនៅឡើយទេ ដោយយន្តហោះនេះ មិនមានកំណត់ត្រាគ្រោះថ្នាក់ទេពីមុន ហើយពីដំបូងក៏មិនមានសញ្ញាខុសប្រក្រតីណាមួយដែរ»។ លោកថា ក្រុមហ៊ុនកំពុងសហការជាមួយអ្នកស៉ើបអង្កេត និងអនុវត្តការជួយដល់ជនរងគ្រោះជារឿងអាទិភាព។
គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 នៃជើងហោះហើរលេខ 7C2216 របស់ Jeju Air ចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ មានផ្ទុកមនុស្សចំនួន ១៨១នាក់ បានព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ប្រទេសកូរ៉េខាងត្បូង។ មុនពេលគ្រោះថ្នាក់ កង់របស់យន្តហោះមានបញ្ហាគាំង មិនអាចបញ្ចេញមកក្រៅ ទើបបង្ខំឱ្យយន្តហោះត្រូវចុះចតទាំងគ្មានកង់ បន្ទាប់មកក៏ជ្រុលទៅបុករបាំងការពារ ហើយផ្ទុះឆេះតែម្តង។ គិតត្រឹមយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) មនុស្សចំនួន ១៧៩នាក់ ត្រូវបានអាជ្ញាធរបញ្ជាក់ថាស្លាប់ ខណៈដែលសមាជិកលើយន្តហោះពីរនាក់ទៀត កំពុងស្ថិតក្នុងការសង្រ្គោះនៅមន្ទីរពេទ្យ៕