(កៀវ)៖​ លោក​ វ៉ូឡូឌីមៀ​ ហ្សេលេនស្គី​ ប្រធានាធិបតីអ៊ុយក្រែន​ បានចោទប្រកាន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី​ លោក Robert Fico ថាកំពុងបង្កេីតបញ្ហាថាមពល ប្រឆាំងអ៊ុយក្រែនតាមបញ្ជារបស់រុស្ស៉ី​ ខណៈដែលជម្លោះលេីការបញ្ជូនឧស្ម័ននៃប្រទេសទាំងពីរកាន់តែស៉ីជម្រៅ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២៨​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

ឧស្ម័នរុស្ស៉ីត្រូវបញ្ជូនកាត់តាមអ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរួមទាំងស្លូវ៉ាគី ប៉ុន្តែលំហូរនេះនឹងត្រូវបញ្ឈប់នៅពេលកិច្ចព្រមព្រៀងឆ្លងកាត់ដែលមានស្រាប់​មុនសង្រ្គាមផ្ទុះឡេីង​ ផុតកំណត់នៅចុងឆ្នាំនេះ។ លោក​Fico ដែលបានទៅសួរសុខទុក្ខលោក ពូទីន​ ដល់ទីក្រុងមូស្គូកាលពីដើមសប្តាហ៍នេះនិយាយថា​ ស្លូវ៉ាគីនឹងពិចារណាចាត់វិធានការប្រឆាំងអ៊ុយក្រែន​ ដូចជាការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី​ ប្រសិនបើទីក្រុងកៀវ​បញ្ឈប់ការដឹកជញ្ជូនឧស្ម័នចាប់ពីថ្ងៃទី១​ ខែមករា​។

លោក​ ហ្សេលេនស្គី​ បានបញ្ជាក់ថា «​វាហាក់ដូចជាលោក​ ពូទីន​ បញ្ជាឱ្យលោក​ Fico បង្កេីតបញ្ហាផ្នែកថាមពលមួយទៀត​ ប្រឆាំងនឹងអ៊ុយក្រែនដោយចំណាយផលប្រយោជន៍របស់ប្រជាជនស្លូវ៉ាគី»។​ តាមលោក ហ្សេលេនស្គី​ បច្ចុប្បន្នស្លូវ៉ាគីផ្គត់ផ្គង់​ ១៩ភាគរយនៃការនាំចូលថាមពលរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា​ អ៊ុយក្រែនត្រូវបង្ខំឱ្យនាំចូលអគ្គិសនីពីប្រទេសជិតខាងជាច្រើន​ ចាប់តាំងពីរុស្ស៉ីកំណត់គោលដៅវាយប្រហារបណ្តាញថាមពល​ នៅចុងឆ្នាំ ២០២២​។​ អ៊ុយក្រែន​ ក៏កំពុងធ្វើការជាមួយប្រទេសជិតខាងសហភាពអឺរ៉ុប​ ដើម្បីជំរុញការផ្គត់ផ្គង់បន្ថែម​៕