(បរទេស)៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump បានស្នើសុំជាផ្លូវការឱ្យតុលាការកំពូលរបស់សហរដ្ឋអាមេរិកផ្អាកច្បាប់ដែលអាចនាំឱ្យមានការហាមឃាត់លើ TikTok ដែលនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយលើកហេតុផលថា លោកគួរតែមានពេលវេលា បន្ទាប់ពីការចូលកាន់តំណែងដើម្បីបន្ត «ដំណោះស្រាយនយោបាយ» ចំពោះបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

សំណើនេះ ត្រូវបានធ្វើឡើងដោយសំអាងលើអំណះអំណាងផ្ទាល់មាត់ដែលតុលាការគ្រោងនឹងបើកសវនាការក្នុងសំណុំរឿងនេះនៅថ្ងៃទី១០ ខែមករា ខាងមុខ ទាក់ទងនឹងភាពស្របច្បាប់នៃច្បាប់ ដែលកំណត់ថាក្រុមហ៊ុនមេចិនរបស់ TikTok គឺ ByteDance ត្រូវតែដកហូតកម្មសិទ្ធិរបស់ខ្លួន ឬប្រឈមនឹងការហាមឃាត់នៅសហរដ្ឋអាមេរិក។ ជុំវិញរឿងរ៉ាវនេះ សភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីខែមេសាដើម្បីហាមឃាត់វា លុះត្រាតែ ByteDance លក់កម្មវិធីត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

គួរជម្រាបថា TikTok បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ប្រមាណ ១៧០លាននាក់នៅទូទាំងសហរដ្ឋអាមេរិក។ជុំវិញ ការគំាទ្ររបស់ Trump នៅលើកម្មវិធីចិន TikTok ត្រូវបានគេមើលឃើញថា វាខុសពីអ្វីដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំ២០២០ ខណៈពេលនោះគឺជារូបលោកដែលព្យាយាមបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ហើយបង្ខំឱ្យលក់វាទៅឱ្យក្រុមហ៊ុនអាមេរិក ដោយសារតែភាពជាម្ចាស់របស់ចិន។ ផ្ទុយមកវិញជំហរគាំទ្រនេះ គឺបង្ហាញពីការតបស្នងរប​ស់ក្រុមហ៊ុនចិន ByteDance ក្នុងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ Trump និងមន្រ្តីក្រោមបង្គាប់របស់លោកក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី៕