(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol បានអនុញ្ញាតឱ្យយោធាបាញ់កាំភ្លើងរបស់ពួកគេ ប្រសិនបើចាំបាច់ដើម្បីចូលក្នុងអគាររដ្ឋសភា អំឡុងការដាក់ ចេញច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកកាលពីដើមខែធ្នូកន្លងទៅ។ នេះបើតាមរបាយការណ៍មួយរបស់រដ្ឋអាជ្ញាកូរ៉េខាងត្បូង ដែលទីភ្នាក់ងារសារព័ត៌មាន AFP​ បានឃើញនៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ។

នៅក្នុងរបាយការណ៍ខាងលើដែលមានកម្រាស់១០ទំព័ររបស់រដ្ឋអាជ្ញាកូរ៉េខាងត្បូងជុំវិញការចោទប្រកាន់ប្រឆាំងនឹងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun បានឱ្យដឹងទៀតថាលោក Yoon ក៏បានសន្យាកាលពីថ្ងៃទី៣ ខែធ្នូ ផងដែរថានឹងប្រកាសប្រើច្បាប់អាជ្ញាសឹក៣ដង នៅក្នុងករណីចាំបាច់។ លោក​ Yoon ដែលត្រូវបានព្យួរតំណែងដោយសភាជាតិនៅក្នុងខែធ្នូនេះ កំពុងស្ថិតក្រោម ការស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រកាសប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លី តែបានបង្កឱ្យមានវិបត្តិនយោបាយយ៉ាងស៊ីជម្រៅរហូតដល់រូបលោកខ្លួនឯងត្រូវបានសភាបោះឆ្នោតដកតំណែង។

តាមរបាយការណ៍ដដែល លោក Yoon បានប្រាប់មេបញ្ជាការប្រចាំទីក្រុងសេអ៊ូល លោក Lee Jin-woo ថាកងកម្លាំងយោធាអាចបាញ់កាំភ្លើងបាន ប្រសិនបើចាំបាច់ដើម្បីចូលទៅក្នុងអគារសភា។ «អ្នកនៅតែមិនទាន់ចូលទៅក្នុងទៀតមែនទេ? តើអ្នកកំពុងធ្វើអ្វី? ទម្លុះទ្វារចូលទៅ ហើយទាញពួកគេចេញក្រៅ បើទោះជាត្រូវបាញ់កាំភ្លើងក៏ដោយ»។ នេះជាបញ្ជារបស់លោក Yoon ប្រាប់លោក Lee ដែលមានរៀបរាប់ក្នុងរបាយការណ៍រដ្ឋអាជ្ញា។ យ៉ាងណាក៏ដោយ ថ្លែងប្រាប់ AFP មេធាវីរបស់លោក Yoon បានច្រានចោលរបាយការណ៍ខាងលើ ដោយចាត់ទុកថាវាគ្រាន់តែជារបាយការណ៍សរសេរ រៀបរាប់តែម្ខាង មិនគ្រប់ជ្រុងជ្រោយ និងគ្មានន័យអ្វីទាំងអស់។

គួរបញ្ជាក់ថា ជោគវាសនារបស់លោក Yoon កំពុងស្ថិតនៅក្នុងដៃតុលាការធម្មនុញ្ញកូរ៉េខាងត្បូង។ ប្រសិនបើតុលាការទទួលយកសេចក្ដីសម្រេចដកតំណែងរបស់សភា នោះលោក Yoon នឹងត្រូវទម្លាក់ចេញពីតំណែងជាប្រធានាធិបតី៕