(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញខាងអាកាសចរណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ បាននិយាយថាយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាស៊ែបៃហ្សង់ ដែលបានធ្លាក់នៅកាហ្សាក់ស្ថាន ទំនងជាត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ី។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីហេតុការណ៍ធ្លាក់យន្ដហោះដែលបានសម្លាប់ មនុស្ស ៣៨នាក់ ក្នុងចំណោមមនុស្ស ៦៧នាក់ដែលស្ថិតនៅលើយន្ដហោះ៖

* តើយន្ដហោះធ្លាក់យ៉ាងដូចម្ដេច?
យន្ដហោះធុន Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines មានទិសដៅហោះហើរចេញពីរដ្ឋធានីបាគូ នៃប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ស្ថិតនៅក្នុងតំបន់ឆេឆេនី (Chechnya) របស់រុស្ស៉ី កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ។ ប៉ុន្តែ យន្ដហោះស្រាប់តែបង្វែរចេញពីទិសដៅហោះហើរនេះ ដោយមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ ថាតើបណ្ដាលមកពីហេតុអ្វីនោះទេ? យន្ដហោះនេះបានធ្លាក់ខណៈកំពុងព្យាយាមចុះចតនៅឯទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន ក្រោយហោះក្នុងទិសដៅទៅកើតឆ្លងកាត់សមុទ្រ Caspian Sea។ យន្ដហោះបានធ្លាក់នៅក្បែរឆ្នេរមួយស្ថិតនៅចម្ងាយ ៣គីឡូម៉ែត្រពីទីក្រុង Aktau ហើយវីដេអូថតដោយទូរស័ព្ទដៃ បានបង្ហាញថាយន្ដហោះ Embraer 190 បានសំយុង ក្បាលចុះក្រោម មុននឹងធ្លាក់ទៅដល់ដី។ បើតាមក្រុមអ្នកជួយសង្រ្គោះ មនុស្ស ២៩នាក់នៅរស់រានមានជីវិត។

* ត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាស?
អ្នកជំនាញយោធា និងអាកាសចរណ៍ បាននិយាយថាយន្ដហោះ Embraer 190 អាចត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ី។ យន្ដហោះ Embraer 190 មាន ទិសដៅហោះហើរចេញពីរដ្ឋធានីបាគូ នៃប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ទីក្រុង Grozny ស្ថិតនៅក្នុងតំបន់ឆេឆេនី (Chechnya) របស់រុស្ស៉ី ជាទីដែលមានសេចក្ដីរាយការណ៍ពី ការវាយប្រហារដោយដ្រូនអ៊ុយក្រែន កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ការវាយប្រហារដោយដ្រូន​ ក៏ត្រូវបានរាយការណ៍ផងដែរកាលពីព្រឹកថ្ងៃពុធ នៅក្នុងតំបន់ Ingushetia និង North Ossetia ស្ថិតនៅក្បែរតំបន់ឆេឆេនី។ លោក Jean-Paul Troadec ជាអតីតនាយកទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់លើអាកាស BEA របស់បារាំង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ស្លាកស្នាមនៅលើយន្ដហោះអាចសន្មត់បានថាវាអាចទៅរួចដែលថាយន្ដហោះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់»។

យល់ឃើញដូចគ្នានេះដែរ អ្នកជំនាញយោធារុស្ស៉ីឯករាជ្យ លោក Yan Matveyev បានកត់សម្គាល់ថារូបភាពនៃកន្ទុយយន្ដហោះ បានបង្ហាញពីការខូចខាតដែលទំនងជាបង្កឡើងដោយ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី Pantsyr-S1។ នៅឯអាស៊ែបៃហ្សង់វិញ កាសែតអនឡាញ Caliber ក៏បានអះអាងដែរថាយន្ដហោះត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Pantsyr-S1។ លោក Matveyev បាន​បន្ថែមថាវាមិនច្បាស់នោះទេថាតើហេតុអ្វីបានជាពីឡុតយន្ដហោះសម្រេចចិត្តហោះចម្ងាយរាប់រយគីឡូម៉ែត្រ ក្នុងទិសដៅទៅកើតឆ្លងកាត់សមុទ្រ Caspian Sea ដោយមិនព្រមចុះចតនៅក្នុងប្រទេសរុស្ស៉ីតែម្ដងទៅ ក្រោយយន្ដហោះរងការវាយប្រហារ។ ប៉ុន្តែអ្នកជំនាញរូបនេះយល់ថា ពីឡុតយន្ដហោះអាចប្រឈមមុខនឹងការរឹតត្បិត ឬត្រូវបានហាមមិនឱ្យចុះចតនៅក្បែរកន្លែងកើតហេតុ ឬក៏ប្រហែលជាគិតថាការខូចខាតនោះមិនធ្ងន់ធ្ងរ។

* យន្ដហោះហោះបុកសត្វចាប
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាវាជារឿងខុសឆ្គងដែលគេធ្វើការសន្និដ្ឋាន មុនមានសេចក្ដីសន្និដ្ឋានចុងក្រោយរបស់ក្រុមអ្នកស៊ើបអង្កេត។ អាជ្ញាធរ នៅ ក្នុងប្រទេសកាហ្សាក់ស្ថានដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី ក៏បានព្រមានផងដែរប្រឆាំងនឹងពាក្យចចាមអារ៉ាម។ ពីដំបូងឡើយ ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines បាននិយាយថា យន្ដហោះរបស់ខ្លួនបានហោះកាត់ហ្វូងសត្វចាប តែក្រោយមកស្រាប់តែលុបចោលសេចក្ដីថ្លែងការណ៍នេះវិញ។

ទីភ្នាក់ងារអាកាសចរណ៍រុស្ស៉ី ក៏បានលើកឡើងដែរថាហ្វូងសត្វចាប អាចជាមូលហេតុបណ្ដាលឱ្យយន្ដហោះធ្លាក់។ ប៉ុន្តែ លោក Jean-Paul Troadec យល់ថាវាទំនងជាមិនអាចទៅរួចនោះទេ ពីព្រោះផលប៉ះពាល់បង្កឡើងដោយហ្វូងសត្វចាប មិនអាចរារាំងការហោះហើររបស់យន្ដហោះឡើយ។ ចំណែកឯ នាយកដ្ឋានប្រចាំតំបន់មួយនៃក្រសួងសុខាភិបាលកាហ្សាក់ស្ថាន បានលើកឡើងពីការផ្ទុះបំពង់អ្វីមួយនៅលើយន្ដហោះ​ តែមិនបានបញ្ជាក់លម្អិតអ្វីឡើយ។

គួរបញ្ជាក់ថា ទីភ្នាក់ងារអាកាសចរណ៍រុស្ស៉ី កាលពីថ្ងៃពុធ បាននិយាយថាដោយសារតែស្ថានការណ៍បន្ទាន់នៅលើយន្ដហោះ ពីឡុតបានសម្រេចចិត្តបញ្ជាយន្ដហោះហោះឆ្ពោះទៅកាន់ អាកាសយានដ្ឋាន ក្នុងទីក្រុង Aktau។ ដោយឡែក គេហទំព័រ Flightradar24 បានឱ្យដឹងថាប្រព័ន្ធ GPS របស់យន្ដហោះហាក់គាំងមិនដំណើរការ ជាហេតុធ្វើឱ្យយន្ដហោះឈប់បញ្ជូន សញ្ញាពីទីតាំងរបស់ខ្លួន៕