(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ក្រុមសមាជិកសភានៅប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ដែលជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo បានឡើងកាន់តួនាទីជា ប្រធានាធិបតីស្តីទី ក្រោយប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ដកតំណែង កាលពីថ្ងៃទី១៤ ខែធ្នូ ក្រោយលោកប៉ុនប៉ងដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។
មុនការបោះឆ្នោតប្រព្រឹត្តទៅនាថ្ងៃសុក្រនេះ ប្រធានសភាកូរ៉េខាងត្បូង លោក Woo Son-shik បាននិយាយថា ដើម្បីដកតំណែង លោក Han គឺត្រូវការសំឡេងគាំទ្រត្រឹម១៥១សំឡេង ដែលជាសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ ផ្ទុយពីចំនួន២០០សំឡេង ដែលជាសំឡេងចាំបាច់ ២ភាគ៣ កាលពីពេលដកតំណែងលោក Yoon។
សភាកូរ៉េខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងអាសនៈភាគច្រើន ដោយគណបក្សប្រឆាំង។ បក្សប្រឆាំង Democratic Party បានសម្រេចបោះឆ្នោតដកតំណែង លោក Han បន្ទាប់ពីរូបលោក មិនព្រមតែងតាំងចៅក្រម៣នាក់ ដើម្បីបំពេញកៅអីទំនេរ នៅឯតុលាការធម្មនុញ្ញ ដែលប្រការនេះ រារាំងដំណើរការនៃនីតិវិធីដកតំណែងប្រធានាធិបតីរបស់លោក Yoon។ ការដកតំណែង លោក Yoon ទោះបីត្រូវបានសភាអនុម័តក៏ដោយ ចាំបាច់ត្រូវមានការសម្រេចចុងក្រោយពីតុលាការធម្មនុញ្ញ។
គួរបញ្ជាក់ថា ដោយនាពេលនេះ លោក Han ក៏ត្រូវបានដកតំណែងដែរនោះ តាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវក្លាយជាប្រធានាធិបតីស្តីទីជំនួស៕