(ញូវដែលី)​៖ នៅថ្ងៃសុក្រនេះ ឥណ្ឌាបានប្រកាសការកាន់ទុក្ខទូទាំងប្រទេស រយៈពេល៧ថ្ងៃ ក្រោយអតីតនាយករដ្ឋមន្រ្តី លោក Manmohan Singh ទទួលមរណភាព នៅវ័យ៩២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។

លោកអតីតនាយករដ្ឋមន្រ្តីឥណ្ឌា បានទទួលមរណភាព កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ នៅឯមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានី New Delhi។ នាយករដ្ឋមន្រ្តីឥណ្ឌាបច្ចុប្បន្ន គឺលោក Narendra Modi បាននិយាយថា មរណភាពរបស់លោក Manmohan Singh គឺជាការបាត់បង់មេដឹកនាំដ៏គួរឱ្យគោរពបំផុតមួយរូប។ រដ្ឋាភិបាលឥណ្ឌា បានប្រកាសថា ដើម្បីជាការគោរព រយៈពេលកាន់ទុក្ខ សរុប៧ថ្ងៃ នឹងត្រូវអនុវត្តទូទាំងប្រទេស ហើយពិធីបុណ្យសពថ្នាក់ជាតិ ក៏នឹងត្រូវប្រារព្ធឡើង សម្រាប់លោក Singh ផងដែរ។

គួរបញ្ជាក់ថា លោក Singh គឺជាសាសនិក Sikh ដំបូងបំផុត ដែលបានដឹកនាំប្រទេសឥណ្ឌា ដោយកាន់តំណែងជា នាយករដ្ឋមន្រ្តី ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤។ លោក Singh ត្រូវគេទទួលស្គាល់ជា អ្នកដែលជួយកាច់ចង្កូតប្រទេសអាស៉ីខាងត្បូងមួយនេះ ទៅរកកំណើនសេដ្ឋកិច្ចមិនធ្លាប់មាន និងរំដោះប្រជាជនរាប់រយលាននាក់ ឱ្យចេញផុតពីភាពទីទាល់ក្រ៕