(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ បានទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដនៅក្នុងប្រទេសស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់ នៅចំពោះមុខជម្លោះរវាងក្រុមអ្នកប្រយុទ្ធស៊ីរីគាំទ្រដោយតួកគី និងក្រុមឧទ្ទាមឃើដ YPG ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar al-Assad កាលពីដើមខែធ្នូនេះមក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចាប់តាំងពីការដួលរលំនៃរបបលោក Assad មក តួកគីបាននិយាយម្ដងហើយម្ដងទៀតថាក្រុមឧទ្ទាមឃើដ YPG ត្រូវតែរំសាយចោល ដោយបញ្ជាក់ថាមិនត្រូវឱ្យក្រុមឧទ្ទាមនេះមានកន្លែងឈរជើង នៅស៊ីរី នោះទេ។ ជាថ្មីម្ដងទៀត ថ្លែងទៅកាន់សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់លោក លោក Erdogan បានលើកឡើងថា «ពួកឧទ្ទាមជាឃាតកនឹងត្រូវទម្លាក់អាវុធចុះចាញ់ បើពុំដូច្នោះ ពួកគេនឹងត្រូវបានកប់ក្នុងដីស៊ីរីជាមួយអាវុធរបស់ពួកគេ»

គួរបញ្ជាក់ថា តួកគីបានចាត់ទុកក្រុមឧទ្ទាមឃើដ YPG ដែលជាសមាសភាពដ៏សំខាន់មួយនៅក្នុងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជាសាខារបស់ គណបក្សពលករឃើដ PKK ដែលបានធ្វើការបះបោរប្រឆាំងតួកគីចាប់តាំងពីឆ្នាំ១៩៨៤មក។ PKK ត្រូវបានតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកជាអង្គការភេរវកម្ម ហើយជារឿយៗ តួកគីតែងតែអំពាវនាវឱ្យសម្ព័ន្ធមិត្ត NATO របស់ខ្លួនគឺសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនបញ្ឈប់ការគាំទ្រដល់ YPG៕