(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលអំណាចកំពុងត្រូវបានព្យួរ មិនបានឆ្លើយតបនឹងការកោះហៅសាកសួរជាលើកទីពីរ កាលពីថ្ងៃពុធ ជុំវិញការស៊ើបអង្កេតលើការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។
ប្រភពដដែលនេះ បានបញ្ជាក់ថា លោក Yoon មិនបានបង្ហាញខ្លួនសម្រាប់ការសាកសួរតាមការគ្រោងទុកនៅម៉ោង ១០ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃបុណ្យណូអែល តាមការស្នើសុំរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) នោះទេ។ នេះគឺជាលើកទីពីរហើយ ដែលលោកមិនបានបង្ហាញខ្លួនតាមការកោះហៅ បន្ទាប់ពីលើកទីមួយកាលពីសប្តាហ៍មុន។
ទីភ្នាក់ងារព័ត៌មាន Yonhap ដែលបានដកស្រង់សម្តីមន្ត្រី CIO បានបញ្ជាក់ថា ទីភ្នាក់ងារស៊ីបអង្កេតនេះ កំពុងពិចារណាស្វែងរកដីកាចាប់ខ្លួនលោក Yoon បន្ទាប់ពីលោកមិនបានបង្ហាញខ្លួនតាមការកោះហៅ។
មេធាវីរបស់លោក Yoon បានបញ្ជាក់ថា លោកទំនងជាមិនបង្ហាញខ្លួនសម្រាប់ការសាកសួរ ដោយលើកឡើងពីលក្ខខណ្ឌមិនទាន់បានបំពេញ។ ទោះបីជាយ៉ាងណា ការបដិសេធមិនសហការរបស់លោក Yoon កំពុងបង្កឱ្យមានការរិះគន់ខ្លាំង និងការអំពាវនាវឱ្យចាប់ខ្លួនលោក ពីសំណាក់គណបក្សប្រឆាំង ដោយសារការព្រួយបារម្ភលើការបំផ្លាញភស្តុតាង។
គួរបញ្ជាក់ថា លោក Yoon ត្រូវបានសភាចោទប្រកាន់កាលពីថ្ងៃទី ១៤ ខែធ្នូ ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក ហើយកំពុងរង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើការបន្ត ឬបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក។ អាជ្ញាធរ រួមមាន CIO រដ្ឋអាជ្ញា និងប៉ូលិស កំពុងស៊ើបអង្កេតលើរូបលោក ពីបទចោទប្រកាន់ផ្សេងៗ រួមទាំងការបះបោរ និងការរំលោភអំណាច។
ការបន្តបដិសេធមិនសហការរបស់លោក Yoon នេះ អាចនឹងនាំឱ្យមានចំណាត់ការផ្លូវច្បាប់កាន់តែធ្ងន់ធ្ងរ រួមទាំងការចាប់ខ្លួនផងដែរ។ ករណីនេះកំពុងបង្កឱ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង និងធ្វើឱ្យអនាគតនយោបាយរបស់លោក ស្ថិតក្នុងភាពមិនប្រាកដប្រជា៕