Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អារម្មណ៍អ្នកប្រើប្រាស់កូរ៉េខាងត្បូង ធ្លាក់ចុះខ្សោយបំផុត គិតចាប់តាំងពីឆ្នាំ២០២២ ជុំវិញនយោបាយមានភាពមិនប្រាកដប្រជា

25-12-2024 13:15

(សេអ៊ូល)៖ អារម្មណ៍អ្នកប្រើប្រាស់របស់កូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំងបំផុត នៅក្នុងខែនេះ ដល់កម្រិតខ្សោយបំផុត ក្នុងរយៈពេលជាង២ឆ្នាំ ជុំវិញកំណើនការព្រួយបារម្ភ អំពីនយោបាយមានភាពមិនប្រាកដប្រជា បន្ទាប់ពីការចោទប្រកាន់របស់សភា លើលោកប្រធានាធិបតី Yoon Suk Yeol។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ បានធ្លាក់ចុះដល់៨៨.៤ ក្នុងខែធ្នូ ពី១០០.៧ ក្នុងខែវិច្ឆិកា, ជាកម្រិតទាបបំផុត គិតចាប់តាំងពីសន្ទស្សន៍ បានធ្លាក់ចុះដល់កម្រិត៨៦.៦ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២, នៅពេលដែលមនុស្ស១៥៩នាក់បានស្លាប់ ក្នុងហេតុការណ៍សង្កត់គ្នាអំឡុងពិធីបុណ្យ Halloween។ នេះបើតាមការស្ទាបស្ទង់អ្នកប្រើប្រាស់ប្រចាំខែ របស់ធនាគារកូរ៉េបានបង្ហាញ។

សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់ ធ្លាក់ចុះក្រោមកម្រិត១០០ មានន័យថា អ្នកប្រើប្រាស់បានប្រែជាទុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ច។

អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំនៅតាមផ្លូវ ក្នុងទីក្រុងសេអ៊ូល ខណៈសភាបានបោះឆ្នោតចោទប្រកាន់ លោកប្រធានាធិបតី Yoon នៅថ្ងៃទី១៤ ខែធ្នូ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់ នៅថ្ងៃទី៣ ខែធ្នូ៕