(ដាម៉ាស)៖ គ្រិស្តសាសនិកស៉ីរី បានចូលរួមបុណ្យណូអែលលើកដំបូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ចាប់តាំងពីការដួលរលំនៃរបបលោក Assad ដែលជាការធ្វើតេស្តលើពាក្យសន្យារបស់មេដឹកនាំថ្មី ជុំវិញការការពារសិទ្ធិជនជាតិភាគតិចសាសនា នៅស៉ីរី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។
ការជួបជុំនៃគ្រិស្តបរិស័ទ ប្រារព្ធឡើងក្រោមការរៀបចំសន្តិសុខយ៉ាងតឹងរ៉ឹង ដោយសារតែក្តីបារម្ភពីអំពើហិង្សាប្រឆាំងទីតាំងគ្រិស្តបរិស័ទ ដោយរថយន្តភីកអាប់ជាច្រើនគ្រឿងរបស់ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ចតនៅជុំវិញព្រះវិហារ។ វិហារកាតូលិក Lady of Damascus នៅក្នុងរដ្ឋធានីនៃប្រទេសស៉ីរី ពោរពេញទៅដោយគ្រិស្តបរិស័ទ ទាំងក្មេង ទាំងចាស់។
លោក Ahmed al-Sharaa ដែលជាមេដឹកនាំបណ្តោះអាសន្ន បានប្រាប់គ្រិស្តសាសនិក និងក្រុមផ្សេងទៀតថា ពួកគេនឹងមានសុវត្ថិភាពនៅក្នុងប្រទេសស៉ីរី ដែលគ្រប់គ្រងដោយ HTS។ ទោះជាកាន់សាសនាឥស្លាមនិកាយស៊ុននី លោក Sharaa បានប្រាប់មន្ត្រីលោកខាងលិចថា HTS នឹងមិនស្វែងរកការសងសឹកប្រឆាំងអតីតរបបលោក Assad ដែលឥស្សរជនជាន់ខ្ពស់ភាគច្រើនត្រូវបានដកចេញ គឺជាជនជាតិភាគតិច Alawite ហើយក៏មិនបង្ក្រាបលើជនជាតិភាគតិចផ្សេងទៀតដែរ។ ប៉ុន្តែ គ្រិស្តបរិស័ទជាច្រើនមិនទាន់មានជំនឿចិត្តចំពោះការសន្យានេះនៅឡើយទេ៕