(គែរ)៖ រដ្ឋមន្ត្រីការបរទេសស៊ីរីថ្មី លោក Asaad Hassan al-Shibani បានប្រាប់អ៉ីរ៉ង់កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ កុំឱ្យបង្កភាពចលាចលនៅក្នុងប្រទេសស៊ីរី ហើយត្រូវគោរពឆន្ទៈ របស់ប្រជាជនស៊ីរី និងអធិបតេយ្យរបស់ស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ​លោក Shibani បានសរសេរដូច្នេះថា «អ៉ីរ៉ង់ត្រូវតែគោរពឆន្ទ​ៈរបស់ប្រជាជនស៊ីរី និងអធិបតេយ្យព្រមទាំងសន្តិសុខរបស់ស៊ីរី។ យើងព្រមានពួកគេ (អ៉ីរ៉ង់) កុំឱ្យបង្កចលាចលនៅក្នុងប្រទេសស៊ីរី ហើយយើងនឹងឱ្យពួកគេទទួលខុសត្រូវចំពោះផលវិបាកដែលបង្កឡើងដោយការអត្ថាធិប្បាយលើកចុងក្រោយ កន្លងទៅនេះ»។ លោក Shibani មិនបានបញ្ជាក់ថាតើអ្វីទៅជាការអត្ថាធិប្បាយលើកចុងក្រោយដែលលោកបានលើកឡើងនោះទេ។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យយុវជនស៊ីរី ក្រោកឈរឡើងប្រឆាំងនឹង ក្រុមមនុស្សដែលបង្កអសន្តិសុខនៅស៊ីរី៕