Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នវាដឹកទំនិញរុស្ស៊ី លិចនៅសមុទ្រមេឌីទែរ៉ាណេក្រោយមានការផ្ទុះ, នាវិក ២នាក់បាត់ខ្លួន (Video inside)

24-12-2024 20:55

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា នាវាដឹកទំនិញរបស់ខ្លួន ដែលមានឈ្មោះថា Ursa Major បានលិច នៅក្នុងសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីមានការផ្ទុះមួយ បានបំផ្លាញបន្ទប់ម៉ាស៊ីន។ នាវិក ១៤នាក់ ត្រូវបានជួយសង្គ្រោះ និងនាំយកទៅកាន់ប្រទេសអេស្ប៉ាញ ប៉ុន្តែនាវិកពីរនាក់នៅតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នាវា Ursa Major ដែលគ្រប់គ្រងដោយក្រុមហ៊ុន Oboronlogistika ដែលជាក្រុមហ៊ុនមួយផ្នែកនៃប្រតិបត្តិការសាងសង់យោធារបស់ក្រសួងការពារជាតិរុស្ស៊ី កំពុងដឹកជញ្ជូនរថយន្តស្ទូចកំពង់ផែ ពីប្រទេសអេស្ប៉ាញ ទៅកាន់កំពង់ផែ Vladivostok ភាគខាងកើតឆ្ងាយរបស់រុស្ស៊ី។

មូលហេតុនៃការផ្ទុះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ស្ថានទូតរុស្ស៊ី ប្រចាំនៅអេស្ប៉ាញ កំពុងសហការជាមួយអាជ្ញាធរអេស្ប៉ាញ ដើម្បីស៊ើបអង្កេត ពីហេតុការណ៍នេះ។

ទាំងក្រុមហ៊ុន Oboronlogistika និង SK-Yug ដែលជាម្ចាស់ និងប្រតិបត្តិករផ្ទាល់របស់នាវា បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលិចនាវានេះទេ។ ក្រុមហ៊ុនទាំងពីរ រួមទាំងនាវា Ursa Major ផងដែរ ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ ជុំវិញទំនាក់ទំនងរបស់ពួកគេជាមួយយោធារុស្ស៊ី។

គួរបញ្ជាក់ថា ក្រុមជួយសង្គ្រោះតាមសមុទ្ររបស់ប្រទេសអេស្ប៉ាញ បានទទួលសញ្ញាអាសន្ន ពីកប៉ាល់ Ursa Major កាលពីថ្ងៃចន្ទ នៅពេលដែលកនាវានេះ ស្ថិតនៅចម្ងាយប្រហែល ៥៧ម៉ាយ ពីឆ្នេរសមុទ្រ Almeira។ នាវិកបានរាយការណ៍ថា កប៉ាល់កំពុងលិច ដោយសារតែមានការផ្ទុះ នៅក្នុងបន្ទប់ម៉ាស៊ីន។ នាវាចម្បាំងរុស្ស៊ី បានទៅដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះនាវិក។ ប៉ុន្តែ នាវិកពីរនាក់នៅតែបាត់ខ្លួន៕