(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានឱ្យដឹងថា នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeshi Iwaya នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ដើម្បីបើកកិច្ចពិភាក្សាជាមួយសមភាគីចិន លោក Wang Yi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤។

គម្រោងទស្សនកិច្ចខាងលើនេះ ត្រូវបានប្រកាសដោយក្រសួងការបរទេសចិន។ បើតាមលោកស្រី Mao Ning អ្នកនាំពាក្យរបស់​ក្រសួងការបរទេសចិន បណ្តាថ្នាក់ដឹកនាំចិន ក៏នឹងជួបលោករដ្ឋមន្រ្តីការបរទេសជប៉ុនផងដែរ អំឡុងដំណើរទស្សនកិច្ចរបស់លោក។ ចិននិងជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់រវាងគ្នា ប៉ុន្តែការកើនឡើងនៃបញ្ហាពាក់ព័ន្ធវិវាទទឹកដី និងការចំណាយលើវិស័យយោធា បានប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។

មួយវិញទៀត ការប្រព្រឹត្តអំពើឃោរឃៅ អំឡុងការត្រួតត្រារបស់ជប៉ុនលើផ្នែកនៃប្រទេសចិន នៅមុននិងអំឡុងសម័យ​សង្រ្គាមលោកលើកទី២ ក៏នៅតែជាចំណុចទាស់ទែងគ្នាផងដែរ រវាងភាគីទាំងពីរ ដោយទីក្រុងប៉េកាំង ចោទទីក្រុងតូក្យូថា មិនព្រមលុបលាងកំហុស កាលពីអតីតកាល របស់ខ្លួន។ ដោយឡែក ជប៉ុនដែលជាសម្ព័ន្ធមិត្តសំខាន់ និងយូរអង្វែងមកហើយរបស់​សហរដ្ឋអាមេរិក បាននិងកំពុងពង្រីកដៃគូកាន់តែធំ ដើម្បីធ្វើជាខែលការពារទប់ទល់ ការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ នឹងជាទស្សនកិច្ចលើកទី១ របស់លោក Iwaya មកកាន់ប្រទេសចិន ចាប់តាំងពីរូបលោក បានចូលកាន់តួនាទីជា ប្រមុខការទូតជប៉ុន កាលពីខែតុលា ឆ្នាំនេះ៕