(បេរូត)៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) សម្រាប់ស៊ីរី លោក Geir Pedersen បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូថា ភាពតានតឹងនៅភាគឦសាននៃប្រទេសស៊ីរី រវាងកងកម្លាំងគាំទ្រដោយសហរដ្ឋអាមេរិក និងកងកម្លាំងគាំទ្រដោយតួកគី គួរតែត្រូវបានដោះស្រាយតាមរយៈដំណោះស្រាយនយោបាយ បើពុំដូច្នោះទេនឹងបង្កទៅជាផលវិបាកយ៉ាងធំធេងដល់ស៊ីរីទាំងមូល។
ជម្លោះបានកើនឡើងជាលំដាប់រវាងក្រុមឧទ្ទាមស៊ីរីគាំទ្រដោយតួកគី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិក នៅឯភាគឦសាននៃប្រទេសស៊ីរី ចាប់តាំងពី របបដឹកនាំរបស់លោក Bashar al-Assad ដួលរលំកាលពីថ្ងៃទី៨ ខែធ្នូមក។ ក្រុមឧទ្ទាមគាំទ្រដោយតួកគី បានវាយដណ្ដើមទីក្រុង Manbij ពី SDF កាលពីថ្ងៃទី៩ ខែធ្នូ ហើយអាចនឹង ត្រៀមលក្ខណៈវាយប្រហារលើទីក្រុង Kobani ឬទីក្រុង Ayn al-Arab ស្ថិតនៅភាគឦសានជាប់ព្រំដែនជាមួយតួកគី។
«ប្រសិនបើស្ថានការណ៍ក្នុងតំបន់ភាគឦសានមិនត្រូវបានដោះស្រាយដោយត្រឹមត្រូវទេ នោះវាអាចនឹងបង្កជាផលវិបាកយ៉ាងធំធេងដល់ស៊ីរីទាំងមូល ឬបង្កទៅជាវិបត្តិជនភៀសខ្លួន សាជាថ្មី»។ នេះជាការគូសបញ្ជាក់របស់លោក Geir Pedersen ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមទូរស័ព្ទ។
គួរបញ្ជាក់ថា SDF ដែលស្ថិតនៅក្រោមការដឹកនាំដោយក្រុមឧទ្ទាមឃើដ YPG ត្រូវបានស្នើឱ្យដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ភាគឦសាន ជាថ្នូរនឹងបទឈប់បាញ់ពេញលេញមួយ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានលើកឡើងក្នុងជំនួបជាមេដឹកនាំថ្មីរបស់ស៊ីរី ក្នុងទីក្រុងដាម៉ាស កាលពីអាទិត្យសប្ដាហ៍មុនថា YPG ត្រូវរំលាយចោលទាំងស្រុង។ តួកគីចាត់ទុក YPG ជាដៃជើងរបស់គណបក្សពលករឃើដ PKK ដែលកំពុងធ្វើសកម្មភាពបះបោរប្រឆាំងតួកគី ហើយត្រូវបានចាត់ទុកជាអង្គការភេរវកម្មដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕