(មូស្គូ)៖ គណៈប្រតិភូរុស្ស៊ីមួយក្រុមដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី Alexei Overchuk បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃចន្ទនេះ ខណៈដែលប្រទេសទាំងពីរកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ទៀតថា គណៈប្រតិភូរុស្ស៊ីបានអញ្ជើញ លោក Pezeshkian ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅដើមឆ្នាំ ២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់មុននេះថា កិច្ចព្រមព្រៀងនេះគ្រោងនឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចទ្វេភាគី ក្នុងខែមករា។

ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្តើម រុស្ស៊ីបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ និងប្រទេសផ្សេងទៀតដែលមានអរិភាពជាមួយសហរដ្ឋអាមេរិក ដូចជាកូរ៉េខាងជើង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងកាលពីខែតុលាថា ទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយជិតទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ហើយបានដាក់ទណ្ឌកម្មលើនាវា និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការផ្តល់អាវុធរបស់អ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់ទាំងនេះ៕