(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ គណបក្សប្រឆាំងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង បានគំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី លោក Han Duck-soo ប្រសិនបើលោក មិនព្រមប្រកាសចូលជាធរមាន នូវច្បាប់មួយដើម្បីបើកការស៉ើបអង្កេតពិសេស លើប្រធានាធិបតី លោក Yoon Suk-yeol ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Han ដែលជានាយករដ្ឋមន្រ្តី បានឡើងកាន់តួនាទីជា ប្រធានាធិបតីស្តីទី ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោត​ដកតំណែង កាលពីថ្ងៃទី១៤ ខែធ្នូ។ នាពេលនេះ តុលាការធម្មនុញ្ញ កំពុងពិចារណាថា គួរឬមិនគួរដកតំណែងប្រធានាធិបតីរបស់លោក Yoon។ ដោយកាន់កាប់អាសនៈភាគច្រើន នៅសភា បក្សប្រឆាំង Democratic Party ក្នុងខែនេះ បានអនុម័តសេចក្តីព្រាងច្បាប់មួយ សំដៅតែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីបើកការស៉ើបអង្កេត ពាក់ព័ន្ធបទចោទប្រកាន់បះបោរ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត ប្រឆាំងលោក Yoon ហើយក៏ស៉ើបផងដែរ ទៅលើភរិយារបស់លោក ជុំវិញរឿងអាស្រូវ​កាបូបប្រណីតតម្លៃថ្លៃ និងរឿងអាស្រូវដទៃទៀត។

គួរបញ្ជាក់ថា គណបក្ស Democratic Party ដែលបានចោទថា លោក Han បានជួយលោក Yoon ក្នុងការប៉ុនប៉ងដាក់ប្រទេស​ក្រោមច្បាប់អាជ្ញាសឹក បានគំរាមថា ខ្លួននឹងចាប់ផ្តើមភ្លាមៗនូវនីតិវិធីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទីរូបនេះ ប្រសិនបើច្បាប់​ ដែលសំដៅបើកការស៉ើបអង្កេតពិសេសលើលោក Yoon មិនត្រូវបានប្រកាសចូលជាធរមានផ្លូវការ នៅត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ទេនោះ។ កន្លងមក លោក Han ធ្លាប់បាននិយាយថា រូបលោកបានព្យាយាម រារាំងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ប៉ុន្តែបានសុំទោស ដែលមិនអាចទប់ស្កាត់បាន៕