(ហាណូយ)៖ គ្រោះទឹកជំនន់ នៅក្នុងខេត្តចំនួនបួន ភាគកណ្តាលប្រទេសវៀតណាម បានផ្តាច់ជីវិតប្រជាជន យ៉ាងហោចណាស់ចំនួន ១១នាក់ និងធ្វើឲ្យជាច្រើនពាន់នាក់ផ្សេងទៀត បានបានបង់លំនៅដ្ឋាន នៅចំពេលដែល ព្យុះទីហ្វុង ដែលកំពុងវាយប្រហារលើប្រទេសហ្វីលីពីន កំពុងធ្វើដំណើរឆ្ពោះមកកាន់ ឆ្នេរភាគកណ្តាល នៃប្រទេសវៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ ដែលចេញដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃសៅរ៍បានឲ្យដឹងថា គ្រោះទឹកជំនន់ ដែលបង្កឡើងដោយសារតែ ការធ្លាក់ភ្លៀងយ៉ាងជោគជាំ តាំងពីថ្ងៃពុធសប្តាហ៍នេះ មកនោះ បានកាត់ផ្តាច់ស្បៀងអាហារផ្គត់ផ្គង់ ទៅកាន់ប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់ និងបានធ្វើឲ្យរាំងស្ទះដល់ ចរាចរណ៍ពីទិសខាងជើង ទៅកាន់ខាងត្បូងប្រទេសទៀតផង។
ជាមួយគ្នានេះដែរ ទូរទស្សន៍រដ្ឋវៀតណាម VTV បានឲ្យដឹងទៀតថា មនុស្សចំនួន០៧នាក់ បានលង់ទឹកនិងឆក់ចរន្តអគ្គិសនីស្លាប់ នៅក្នុងខេត្ត Quang Binj និងបួននាក់ទៀត បានបាត់បង់ជីវិតរបស់ពួកគេ នៅក្នុងខេត្តចំនួនបីផ្សេងទៀត ដែលនៅក្បែរនោះ ចំណែកឯលំនៅឋានយ៉ាងហោចណាស់ ៣០,០០០ខ្នង ត្រូវបានជន់លិចដោយសារតែទឹកជំនន់។
លើសពីនេះទៀត ភ្ញៀវទេសចរណ៍ប៉ុន្មាននាក់ បានស្ថិតនៅក្នុងចំណោមអ្នកដំណើរ ដែលបានជាប់គាំងក្នុងរថភ្លើងចំនួន ២២ខ្សែរ នៅតាមតំបន់ដែលបានទទួលរងការប៉ះពាល់ ដែលកត្តានេះញ៉ាំងឲ្យអាជ្ញាធរប្រចាំខេត្ត ចេញប្រតិបត្តិការផ្តល់ជំនួយជាទឹកនិងអាហារបរិភោគ ទៅកាន់អ្នករងគ្រោះទាំងអស់នោះ ខណៈជើងហោះហើរជាច្រើន ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ តំបន់ដែលកំពុងលិចលង់ ត្រូវបានលុបចោល។
គួរបញ្ជាក់ដែរថា ព្យុះទីហ្វុង Sarika ដែលឥឡូវនេះស្ថិតនៅក្នុងប្រទេសហ្វីលីពីន កំពុងតែធ្វើដំណើរសំដៅមកកាន់តំបន់ភាគកណ្តាលប្រទេសវវៀតណាម និងអាចនាំយកមកជាមួយនូវចំនួន ទឹកភ្លៀងបន្ថែមទៀត ទៅលើតំបន់ ដែលបានទទួលរងគ្រោះដោយទឹកជំនន់៕