(ម៉ានីល)៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ យោធាហ្វីលីពីន បាននិយាយថា ខ្លួនមានផែនការទិញប្រព័ន្ធមីស៉ីលរបស់សហរដ្ឋអាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក្នុងនោះរួមមានទាំងនៅសមុទ្រចិនខាងត្បូង ដែលមាន​ជាប់ពាក់ព័ន្ធបញ្ហាវិវាទជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៉ីល Typhon នៅភាគខាងជើងប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះ សម្រាប់ការធ្វើសមយុទ្ធ​រួមគ្នាជាមួយទីក្រុងម៉ានីល ប៉ុន្តែបានសម្រេចចិត្តបន្តទុក ប្រព័ន្ធនោះនៅហ្វីលីពីន មកទល់ឥឡូវ ទោះបីទីក្រុងប៉េកាំង បានចេញមុខ​រិះគន់ថា វាបង្កអស្ថិរភាពក្នុងតំបន់ក៏ដោយ។

Typhon គឺជាប្រព័ន្ធមីស៉ីលបាញ់ចេញពីដីគោក មានរយៈចម្ងាយមធ្យម ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនអាមេរិក Lockheed Martin សម្រាប់កងទ័ពអាមេរិក។ វាមានសមត្ថភាពបាញ់ បានចម្ងាយ៣០០គីឡូម៉ែត្រ ប៉ុន្តែក៏មានស៊េរី ដែលអាច​បាញ់បានឆ្ងាយជាងនេះទៀត កំពុងស្ថិតក្រោមការអភិវឌ្ឍផងដែរ។

គួរបញ្ជាក់ថា រយៈពេលប្រហែលជាង១ឆ្នាំមកនេះ ចិននិងហ្វីលីពីន បានប្រឈមមុខដាក់គ្នាយ៉ាងញឹកញាប់ ពាក់ព័ន្ធបញ្ហាវិវាទ ជុំវិញទីប្រជុំកោះនិងថ្មប៉ប្រះទឹក នៅឯសមុទ្រចិនខាងត្បូង។ កាលពីខែមិថុនា រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៉ីល Typhon របស់អាមេរិក នៅហ្វីលីពីន បង្កការប៉ះពាល់ជាខ្លាំងដល់សន្តិសុខ ក៏ដូចជាស្ថិរភាពក្នុងតំបន់៕