(ដាម៉ាស)៖ មេដឹកនាំបណ្តោះអាសន្នស៉ីរី លោក Ahmed al-Sharaa បានជួបមេដឹកនាំជនជាតិ Druze របស់លីបង់ លោក Walid Jumblatt កាលពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីធានាដល់ជនជាតិភាគតិចថា ពួកគេនឹងត្រូវបានការពារ បន្ទាប់ពីក្រុមឧទ្ទាមផ្តួលរលំរបបលោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ ២០២៤។

លោក Sharaa និយាយថា គ្មាននិកាយណាមួយនៅស៉ីរី នឹងត្រូវបានដកចេញទេ ហើយបន្ថែមថា នេះជាយុគសម័យថ្មី ដែលនៅឆ្ងាយពីលទ្ធិនិកាយនិយម។ លោក Sharaa បញ្ជាក់ថា «ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បរិយាកាសសាសនា​ឥស្លាម​ មិន​មែនមាន​ន័យ​ថា​ជា​ការ​ដក​ចេញ​ពី​និកាយ​ផ្សេង​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​ការ​ការពារ​ពួក​គេ»។ ចំណែកលោក Jumblatt ដែលជាអ្នកនយោបាយជើងចាស់ និងជាមេដឹកនាំជនជាតិភាគតិច Druze ដ៏លេចធ្លោនៅលីបង់ បាននិយាយថា ការបណ្តេញលោក Assad គួរតែឈានទៅរកទំនាក់ទំនងស្ថាបនាថ្មីរវាងលីបង់ និងស៉ីរី។

Druze គឺជាជនជាតិភាគតិចអារ៉ាប់ ដែលប្រតិបត្តិសាសនាឥស្លាម។ ប្រជាជនស៉ីរី និងមហាអំណាចបរទេសមួយចំនួនបារម្ភថា លោក Sharaa ដែលជាមេដឹកនាំក្រុមទ្ទាម HTS ផ្តួលរលំរបបលោក Assad កាលពីថ្ងៃទី៨ ខែធ្នូ អាចនឹងដាក់កំហិតគ្រប់គ្រងតាមបែបសាសនាឥស្លាមដ៏តឹងរ៉ឹង ទៅលើប្រទេសដែលមានជនជាតិភាគតិចច្រើន ដូចជា Druze, Kurds គ្រិស្តបរិស័ទ និង Alawites ជាដើម៕