(គែរ)៖ ក្រុមគ្រូពេទ្យនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថាយោធាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងតំបន់ហ្កាហ្សា ដោយសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ ក្នុងនោះមាន៨នាក់ ត្រូវបានសម្លាប់នៅឯសាលារៀនមួយកន្លែង ដែលជនភៀសខ្លួនប៉ាឡេស្ទីនកំពុងជ្រកកោនក្នុងទីក្រុងហ្កាហ្សា ខណៈយោធាអ៉ីស្រាអែលបង្គាប់ឱ្យមានការជម្លៀសចេញពីមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមគ្រូពេទ្យប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា មនុស្ស ៨នាក់ ក្នុងនោះមានទាំងកុមារត្រូវបានសម្លាប់នៅឯសាលារៀន Musa Bin Nusayr ជាទីដែលជនភៀសខ្លួនកំពុងជ្រកកោន ក្នុងទីក្រុងហ្កាហ្សា។ ដោយឡែក យោធាអ៉ីស្រាអែលវិញបានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន គឺមានគោលដៅលើក្រុមអ្នកប្រយុទ្ធហាម៉ាសដែលសម្ងំលាក់ខ្លួនក្នុងសាលារៀននេះ ហើយចោទថាក្រុមហាម៉ាសមានបំណងប្រើប្រាស់ សាលារៀននេះដើម្បីបើកការវាយប្រហារលើកងកម្លាំងអ៉ីស្រាអែល។ ក្នុងទីក្រុងហ្កាហ្សា ក្រុមគ្រូពេទ្យក៏បានឱ្យដឹងដែរថាជនជាតិប៉ាឡេស្ទីន ៤នាក់ ត្រូវបានសម្លាប់នៅពេលការវាយប្រហារមួយត្រូវចំរថយន្ដ មួយគ្រឿង។ ចំណែក ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារ ២ដាច់ដោយឡែកពីគ្នា នៅទីក្រុង Rafah និងទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងនៃ តំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា បើតាមក្រុមគ្រូពេទ្យប៉ាឡេស្ទីន នៅឯទីក្រុង Beit Lahiya នៃភាគខាងជើងតំបន់ហ្កាហ្សា ជាទីដែលយោធាអ៉ីស្រាអែលបើកធ្វើប្រតិបត្តិការកាលពីខែតុលា ឆ្នាំមុនមក ឥលូវត្រូវបានយោធាអ៉ីស្រាអែល បង្គាប់ឱ្យបុគ្គលិកទាំងអស់ជម្លៀសចេញពីមន្ទីរពេទ្យមួយ ព្រមទាំងនាំអ្នកជំងឺ និងអ្នករងរបួសឆ្ពោះទៅកាន់មន្ទីរពេទ្យផ្សេងទៀត នៅក្នុងក្រុងនេះ៕