ចិន ថាតៃវ៉ាន់ជា «បន្ទាត់ក្រហម» ខណៈរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក
22-12-2024 13:49
(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ដោយចាត់ទុកថាកញ្ចប់ជំនួយទំហំទឹកប្រាក់ ៥៧១លានដុល្លារ បានបំពានធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ រួមទាំងការឯកភាពគ្នានៃសេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា «ចិននឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹករបស់ខ្លួន ហើយបានហៅតៃវ៉ាន់ថា ជាបន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងដាច់ខាត»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ប៉េកាំង កើតមានឡើង ក្រោយកាលពីថ្ងៃទី២០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតលើការផ្តល់ជំនួយយោធាទំហំ ៥៧១លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ស្របពេលដែលរូបលោក ត្រៀមខ្លួនចាកចេញពីតំណែង ហើយលោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់អំណាច នៅខែក្រោយ។
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់ តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេបង្អស់ របស់ដែនកោះនេះ៕