(គែរ)៖ យោធាអាមេរិក បានឱ្យដឹងថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ប្រឆាំងនឹងឃ្លាំងស្ដុកមីស៊ីល និងទីបញ្ជាការគ្រប់គ្រងមួយ របស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅរដ្ឋធានីសាណា នៃប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលរបស់យោធាអាមេរិក បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន មានគោលដៅបង្អាក់ និងបំផ្លាញសមត្ថភាព ធ្វើប្រតិបត្តិការរបស់ក្រុមហ៊ូទី តួយ៉ាងដូចជាការវាយប្រហារលើនាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម ឈូងសមុទ្រ Bab al-Mandeb និងឈូងសមុទ្រ Aden។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងទីបញ្ជាគ្រប់គ្រងរបស់ក្រុមហ៊ូទីផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតាមផ្នែកជាច្រើននៃប្រទេសយេម៉ែន ដែលគ្រប់គ្រង ដោយក្រុមហ៊ូទី ហើយគំរាមថានឹងបង្កើនការវាយប្រហារបន្ថែមទៀតលើក្រុមឧទ្ទាមមួយនេះ ដែលបានបាញ់មីស៊ីលជាបន្តបន្ទាប់លើអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមហ្កាហ្សា ផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣មក៕