(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់ Google របស់ក្រុមហ៊ុន Alphabet ថា ជាឧបករណ៍ដែលប្រើប្រាស់ដោយរដ្ឋាភិបាលអាមេរិក ដើម្បីរកពិន្ទុនយោបាយ ។

នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

Google ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាបរទេសផ្សេងទៀតនោះ, បានស្ថិតក្រោមសម្ពាធ ក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំហើយ ជុំវិញមាតិកាដែលខ្លួនបានចែកចាយ, ប៉ុន្តែស្របពេលដែលទីក្រុង Moscow បានបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter, Facebook និង Instagram នោះ វាហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការបិទកម្មវិធី YouTube ដែលត្រូវបានប្រើប្រាស់ ដោយជនជាតិរុស្ស៊ីប្រមាណ៥០លាននាក់ ជារៀងរាល់ថ្ងៃ។

អ្នករិះគន់ជឿជាក់ថា YouTube កំពុងត្រូវបានរំខានដោយចេតនា ដោយអាជ្ញាធរ ដើម្បីរារាំងប្រជាជនរុស្ស៊ី ពីការមើលខ្លឹមសារនៅលើនោះ ដែលរិះគន់លោក Putin និងរដ្ឋាភិបាលរបស់លោក។

រុស្ស៊ី បានបដិសេធថា បញ្ហាទាំងនេះ បណ្តាលមកពី Google បានបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើង នូវឧបករណ៍មួយចំនួនរបស់ខ្លួន។

លោក Putin បានលើកឡើងថា «YouTube និង Google ត្រូវតែគោរពច្បាប់របស់យើង ត្រូវជៀសវាងការបោកបញ្ឆោតណាមួយ នៅលើអ៉ីនធឺណិត និងជាពិសេសមិនត្រូវប្រើប្រាស់ និងរំលោភបំពានលើអ៉ិនធឺណិត ដើម្បីសម្រេចនូវគោលដៅនយោបាយរបស់រដ្ឋាភិបាលពួកគេ»។

YouTube កាលពីខែសីហា បានលើកឡើងថា ខ្លួនបានដឹងពីរបាយការណ៍ថា មនុស្សមួយចំនួន មិនអាចចូលទៅកាន់ YouTube បាននោះទេ នៅរុស្ស៊ី, ប៉ុន្តែនោះមិនមែនដោយសារតែសកម្មភាព ឬក៏បញ្ហាបច្ចេកទេសណាមួយ នៅលើផ្នែករបស់ខ្លួននោះទេ។

គួរបញ្ជាក់ថា YouTube បានបិទប៉ុស្តិ៍ YouTube ជាង១,០០០ ក្នុងនោះរួមទាំងសារព័ត៌មានគាំទ្រដោយរដ្ឋ និងវីដេអូជាង៥.៥លានផងដែរ នៅរុស្ស៊ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើម៕