(ប៉េកាំង)៖ យប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ រាត្រីសមោសរអបអរសាទរខួប ២៥ ឆ្នាំនៃការវិលត្រឡប់មកមាតុប្រទេសចិនវិញរបស់ម៉ាកាវ បានប្រារព្ធធ្វើឡើង នៅកីឡដ្ឋានការប្រកួតកីឡាអាស៊ីប៉ូព៌ារបស់ម៉ាកាវ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញទស្សនាការសម្តែងសិល្បៈ។

កម្មវិធីសម្តែងសិល្បៈបានពិពណ៌នាអំពីផែនការអភិវឌ្ឍន៍ នៃមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ បង្ហាញពីភាពរីកចម្រើនដ៏ផុលផុស នៃតំបន់សហប្រតិបត្តិការស៊ីជម្រៅ រវាងក្វាងតុង-ម៉ាកាវ Hengqin ព្រមទាំងសម្តែងសេចក្តីស្រឡាញ់ ដ៏ស្មោះត្រង់របស់បងប្អូនជនរួមជាតិតំបន់ម៉ាកាវ ចំពោះមាតុប្រទេសចិន។

សូមបញ្ជាក់ថា កម្មវិធីសម្តែងសិល្បៈ «ទន្លេហោជាំងច្រៀងបទសប្បាយរីករាយឆ្ពោះទៅរកអនាគត -- រាត្រីសមោសរអបអរសាទរ គម្រប់ខួប ២៥ ឆ្នាំនៃការវិលត្រឡប់មកមាតុប្រទេសវិញ របស់ម៉ាកាវ» រៀបចំដោយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ អ្នកចូលរួមសម្តែងនិងក្រុមសម្តែងសិល្បៈភាគច្រើន ជាប្រជាជនរស់នៅម៉ាកាវ ដែលមកពីមជ្ឈដ្ឋានខុសៗគ្នា។ រាត្រីសមោសរនេះក្រោមប្រធានបទ “ រួមចិត្តថ្លើមសាទរគ្នា បង្កើតអនាគតថ្មី” ចែកជាបីផ្នែកគឺ “ម៉ាកាវស្វាគមលោកអ្នក” “មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវបន្តទៅមុខ” “ទឹកចិត្តស្នេហាជាតិ” ដែលបង្ហាញយ៉ាងពេញលេញ នូវសំឡេងចេញពីដួងចិត្តអំពីស្រឡាញ់ម៉ាកាវ និងស្រឡាញ់ប្រទេសជាតិចិន របស់បណ្តាមជ្ឈដ្ឋានម៉ាកាវក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ក៏ដូចជាបង្ហាញពីភាពជោគជ័យ នៃការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបាន ដែលត្រូវបានសកលលោកកោតសរសើរជាទូទៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន