(វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នូវកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន ក្រោមយន្តការ USAI សម្រាប់អ៊ុយក្រែន។

កញ្ចប់ជំនួយខាងលើ រួមមានដូចជាមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់សម្រាប់ប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធបាញ់ផ្លោង ប៉ុន្តែព័ត៌មានលម្អិតជាងនេះ នឹងត្រូវដឹងច្បាស់ នៅពេលកញ្ចប់នោះ ត្រូវបានប្រកាសក្នុងពេលប៉ុន្មានថ្ងៃទៀត ខណៈវានឹងមានទំហំខ្ទង់​១.២ពាន់លានដុល្លារ។

នៅក្រោមយន្តការ USAI សព្វាវុធនិងបរិក្ខារយោធា ត្រូវបានទិញពីឧស្សាហកម្មការពារជាតិ ឬដៃគូផ្សេងៗ ជាជាងយកចេញមកពីស្តុកយោធារបស់អាមេរិកផ្ទាល់ ដែលប្រការនេះមានន័យថា វាអាចនឹងប្រើពេលវេលារាប់ខែ ឬឆ្នាំ ទើបរបស់ទាំងនោះ ទៅដល់សមរភូមិ។ កញ្ចប់ជំនួយ USAI ខាងលើ អាចស្ថិតក្នុងចំណោមវិធានការចុងក្រោយ ដែលសហរដ្ឋអាមេរិកធ្វើឡើង ដើម្បីផ្តល់ការគាំទ្រយោធា​ដោយផ្ទាល់ ដល់អ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងត្រៀមខ្លួន សម្រាប់ការវិលត្រឡប់មកវិញ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនសូវជឿជាក់ចំពោះការផ្តល់ជំនួយយោធា ហើយបានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ក្នុងពេល​ត្រឹម២៤ម៉ោង ក្រោយចូលកាន់អំណាច នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិក បានប្តេជ្ញាថវិកាសរុប១៧៥ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយ សម្រាប់អ៊ុយក្រែន ក្នុងនោះប្រហែល៦១.៤ពាន់លានដុល្លារ គឺជាជំនួយផ្នែកយោធា។ ប្រមាណជាពាក់កណ្តាល នៃជំនួយយោធានោះ គឺបានមកពីយន្តការ USAI ហើយប៉ុន្មានទៀត បានមកពីស្តុកយោធាអាមេរិកផ្ទាល់ តាមរយៈការប្រើប្រាស់អំណាចពិសេសប្រធានាធិបតី ហៅថា PDA។ នៅមានថវិកាចំនួន ៥.៦ពាន់លានដុល្លារទៀត នៅក្រោមយន្តការ PDA៕