លោក ចូ បៃដិន អនុញ្ញាតការគាំទ្រផ្នែកយោធាទំហំ ៥៧០លានដុល្លារ សម្រាប់កោះតៃវ៉ាន់ (Video inside)
21-12-2024 11:30
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតលើការផ្តល់ជំនួយយោធាទំហំ ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ស្របពេលដែលរូបលោក ត្រៀមខ្លួនចាកចេញពីតំណែង ហើយលោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់អំណាច នៅខែក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ពុំមានការបញ្ជាក់លម្អិតឡើយ អំពីកញ្ចប់ជំនួយយោធាខាងលើ ប៉ុន្តែវាកើតមានឡើង ក្នុងពេលតិចជាង៣ខែ ក្រោយកញ្ចប់ជំនួយស្រដៀងគ្នា ទំហំ៥៦៧លានដុល្លារ ត្រូវបានអនុញ្ញាតសម្រាប់តៃវ៉ាន់។ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នោះទេ ប៉ុន្តែជាក់ស្តែង ជាខ្នងបង្អែកសំខាន់បំផុតនៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេបង្អស់ របស់ដែនកោះនេះ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការដាក់សម្ពាធនយោបាយ ក៏ដូចជាយោធាជាខ្លាំងលើកោះតៃវ៉ាន់ និងថែមទាំងបានអំពាវនាវម្តងហើយម្តងទៀត ឱ្យទីក្រុងវ៉ាស៉ីនតោនបញ្ឈប់ការផ្តល់អាវុធ និងការគាំទ្រដល់ដែនកោះនេះ។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលប្រកាសបោះបង់ចោល ជម្រើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញឡើយ ប្រសិនបើចាំបាច់៕