(ម៉ានីល)៖ ទីភ្នាក់ងារការពារគ្រោះមហន្តរាយ នៃប្រទេសហ្វីលីពីន បានប្រកាសដាក់រដ្ឋធានី ម៉ានីល ឲ្យស្ថិតក្រោមការប្រសន្នដែលមានកម្រិតខ្ពស់បំផុត ខណៈព្យុះទីហ្វុងមួយ ឈ្មោះថា សារីកា (Sarika) កំពុងតែបង្កើនឥទ្ធិពល និងខិតមកក្បែរកោះ Luzon។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។
ព្យុះទីហ្វុង Sarika ដែលស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីភាគខាងកើត ទីក្រុង Daet ក្នុងខេត្ត Camarines Norte នៃប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងបង្កើនកម្លាំងខ្យល់របស់វា បន្ថែមទៀត នៅល្ងាចថ្ងៃសៅរ៍នេះ ដែលអាចនឹងកើនរហូតដល់ទៅល្បឿន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះទីហ្វុងនេះ ក៏នឹងអាចបង្កជាការបាក់ដីនៅតំបន់ Quezon-Aurora នៅព្រឹកថ្ងៃអាទិត្យផងដែរ។
លើសពីនេះទៀត ប្រជានេសាទនៅតាមសមុទ្រ ត្រូវបានព្រមានមិនឲ្យធ្វើដំណើរទៅឆ្ងាយ ពីឆ្នេរពេកនោះឡើយ ខណៈទីភ្នាក់ងារគ្រោះមហន្តរាយខាងលើ ក៏បានជូនដំណឹងដល់សហគមន៍ ទាំងអស់ នៅតាមបណ្តោយឆ្នេរ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះរលកធំៗដែលអាចនឹងកើតមាន។
ជាមួយគ្នានេះដែរ គិតត្រឹមពេលរសៀលថ្ងៃសៅរ៍នេះ ទីភ្នាក់ងារការពារគ្រោះមហន្តរាយ បានកត់ត្រាឃើញថា អ្នកដំណើយ៉ាងហោចណាស់ចំនួន ៤,០០០នាក់ នៅតាមកំពង់ផែនានា បានជាប់គាំងមិនអាចធ្វើដំណើរចាកចេញ ពីកោះ Luzon និង Visayas ដែលនៅភាគកណ្តាល ប្រទេសហ្វីលីពីន បាន។ គួរបញ្ជាក់ដែរថា ព្យុះទីហ្វុង Sarika ត្រូវបានគេរំពឹងថា នឹងចាកចេញផុតពីហ្វីលីពីន នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕