(ប៉េកាំង)៖ បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយ ស្តីពីការបន្ធូរបន្ថយនិងធ្វើឱ្យប្រសើរឡើង នូវការលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចិនដោយគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៧ ខែធ្នូ ការស្វែងរកអំពី”ការលើកលែងទិដ្ឋាការរបស់ចិន ”លើបណ្តាញអ៊ីនធើណេតបានកើនឡើងយ៉ាងឆាប់រហ័ស។ ”អស្ចារ្យណាស់” “ខ្ញុំចង់ទៅចូលឆ្នាំថ្មីប្រពៃណីចិន នៅប្រទេសចិន” “ចូលចិត្តប្រទេសដ៏មេត្រីភាពនេះ”។ល។ អ្នកប្រើបណ្តាញអ៊ីនធើណេតបរទេស ទាំងឡាយបាននាំគ្នារំពឹងចង់ធ្វើដំណើរទស្សនកិច្ចម្តងនៅប្រទេសចិន។

ហេតុអ្វីបានជាគោលនយោបាយនេះ ទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងបែបនេះ? មូលហេតុផ្ទាល់គឺដោយសារគោលនយោបាយ លើកលែងទិដ្ឋាការលើកនេះ មានភាពប្រសើរឡើង យ៉ាងខ្លាំង ។ បើមើលពីពេលវេលា លើកនេះ ប្រទេសចិនបានពន្យារពេលវេលាឆ្លងកាត់ដែនចិន របស់ជនជាតិបរទេសដែលកាលពីមុន បានលើកលែងទិដ្ឋាការពី ៧២ម៉ោងនិង១៤៤ម៉ោង ទៅដល់២៤០ម៉ោង ពោលគឺ១០ថ្ងៃ។ បើមើលពីក្របខ័ណ្ឌ ច្រកចេញចូលដែនចិន ដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការលើកនេះ បានកើនឡើងពី៣៩ដល់៦០ ហើយច្រកទ្វារចេញចូលដែនបានកើនឡើងពីខេត្ត ភូមិភាគស្វយ័តឬទីក្រុងចំនួន១៩ទៅដល់២៤ ថែមទាំងអនុញ្ញាត ឱ្យធ្វើដំណើរឆ្លងតំបន់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយបទអត្ថាធិប្បាយថា “ប្រទេសចិនបានបន្ធូរបន្ថយ ឥតឈប់ឈរនូវលក្ខខណ្ឌធ្វើទិដ្ឋាការចំពោះអ្នកដំណើរ ហើយលើកទឹកចិត្តឱ្យ មនុស្សទាំងឡាយ ទៅធ្វើទេសចរណ៍នៅប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក”។

លោក Chen Zhanmin អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចប្រើប្រាស់ នៃសកលវិទ្យាល័យប្រជាជនចិនបានវិភាគថា ពាក្យ ”គ្រប់ជ្រុងជ្រោយ” គឺមានន័យថា ប្រទេសចិនបានកែលម្អ ការលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ប្រទេសចិនពី វិស័យនិងស្រទាប់ជាច្រើន ហើយផ្តល់ភាពងាយស្រួលកាន់តែច្រើន ដល់ជនជាតិបរទេសក្នុងការធ្វើទេសចរណ៍ ធ្វើសកម្មភាពធុរកិច្ច បំពេញទស្សនកិច្ចនិងសួរសុខទុក្ខសាច់ញាតិ ទន្ទឹមនឹងនេះ ស្របពេលដែលចំនួនអ្នកទេសចរណ៍អន្តរជាតិបានកើនឡើង ឧស្សាហកម្មដូចជារបរទេសចរណ៍របស់ប្រទេសចិនជាដើម នឹងទទួលឱកាសពាណិជ្ជកម្មកាន់តែច្រើនឡើងៗ ដែលនឹងបង្កើនចំណងមិត្តភាព និងការយល់ដឹងពីគ្នារវាងប្រជាជនចិននិងបរទេស ដើម្បីបង្កើតមូលដ្ឋានកាន់តែរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត។

ចាប់ពីខែកក្កដាឆ្នាំ២០២៣មក ប្រទេសចិនបានកែលម្អគោលនយោបាយ លើកលែងទិដ្ឋការជាបន្តបន្ទាប់ បច្ចុប្បន្ននេះ ប្រទេសចិនបានឈានដល់ ការលើកលែងទិដ្ឋាការ ដោយគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចំនួន២៦ បានលើកលែងទិដ្ឋាការ ដោយឯកតោភាគីចំពោះប្រទេសចំនួន៣៨ ដូចជាបារាំងនិងអាល្លឺម៉ង់ជាដើមជាបន្តបន្ទាប់ បានអនុវត្តការលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចំពោះប្រទេសចំនួន៥៤ ហើយឈានដល់កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ទៅវិញទៅមកជាមួយប្រទេស និងតំបន់ចំនួន១៥៧។

ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ជនជាតិបរទេសដែលចូលដែនចិនតាមរយៈច្រកទ្វារនានា នៅទូទាំងប្រទេសចិនមានចំនួន២៩លាន ២សែន១ម៉ឺន៨ពាន់នាក់ ដែលកើនឡើង៨៦.២% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះ ជនជាតិបរទេសដែលចូលដែនចិន តាមរយៈការលើកលែងទិដ្ឋាការគឺ១៧លាន ៤សែន៤ម៉ឺន៦ពាន់នាក់ ដែលកើនឡើង១២៣.៣%បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ជាពិសេស គឺគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចិនរយៈពេល៧២ម៉ោង/១៤៤ម៉ោង ទទួលការពេញនិយមយ៉ាងខ្លាំង នៅបរទេស ចាប់ពីចូលឆ្នាំនេះមក ជនជាតិបរទេសដែលធ្វើទេសចរណ៍នៅប្រទេសចិន តាមរយៈគោលនយោបាយនេះ មានចំនួនកើនឡើង ១៣២.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

“មានមិត្តភក្តិមកពីចម្ងាយ គឺជារឿងដ៏គួរឱ្យសប្បាយចិត្ត” ភាពរាក់ទាក់និងមេត្រីភាពជាវិធីសាស្រ្តទទួលភ្ញៀវរបស់ជនជាតិចិន ហើយការបើកទូលាយនិងបរិយាបន្ន ជារបៀបប្រាស្រ័យទាក់ទង វាងប្រទេសចិននិងពិភពលោក។ ពីការពង្រីកវិសាលភាព លើកលែងទិដ្ឋាការ ដល់ពង្រីកការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិន ឥតឈប់ឈរនិងកែលម្អបរិយាកាសធ្វើអាជីវកម្ម ប្រទេសចិនកំពុងជំរុញជាបន្តបន្ទាប់ នូវការបើកទូលាយចំពោះបរទេស ប្រកបដោយកម្រិតខ្ពស់។ ស្វាគមន៍មិត្តបរទេសកាន់តែច្រើន មកកាន់ប្រទេសចិន មើលឃើញប្រទេសចិន ទទួលអារម្មណ៍ពីប្រទេសចិននិងឈ្វេងយល់ប្រទេសចិន ព្រមទាំងចែករំលែក ឱកាសឈ្នះ-ឈ្នះនៅប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន