(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា អវកាសយានិក២នាក់ ដែលបានជាប់នៅស្ថានីយអវកាសអន្តរជាតិ (ISS) ជាច្រើនខែមកហើយ នឹងត្រូវបន្តស្ថិតនៅទីនោះ រហូតដល់យ៉ាងហោចចុងខែមីនា ឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

វាគឺជាការពន្យារពេលថ្មីមួយទៀត នៃបេសកកម្មដើម្បីនាំយកអ្នកទាំងពីរ ត្រឡប់មកដល់ផែនដីវិញ។ អវកាសយានិក លោក Butch Wilmore និងលោកស្រី Suni Williams បានឡើងទៅដល់ស្ថានីយ ISS តាំងតែពីខែមិថុនា ឆ្នាំនេះ តាមរយៈយានអវកាស Starliner របស់ក្រុមហ៊ុន Boeing ហើយដំបូងឡើយ ពួកគេត្រូវស្នាក់នៅលើនោះ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាបានកើតឡើងពាក់ព័ន្ធប្រព័ន្ធហោះហើររបស់យាន Starliner ជាហេតុបង្ខំឱ្យ NASA ត្រូវធ្វើការផ្លាស់ប្តូរធំមួយ។

ក្រោយការធ្វើតេស្តជាច្រើនសប្តាហ៍លើយាន Starliner ទីភ្នាក់ងារអវកាស NASA បានសម្រេចចិត្ត នាំយកវាត្រឡប់មកផែនដីវិញ ដោយមិនមានផ្ទុកលោក Wilmore និងលោកស្រី Williams ឡើយ ពោលគឺអវកាសយានិកទាំងពីររូប ត្រូវរង់ចាំត្រឡប់មកវិញ ជាមួយសមាជិកនៃបេសកកម្ម Crew-9 របស់ក្រុមហ៊ុន SpaceX។ អវកាសយានិក២រូប នៃបេសកកម្ម Crew-9 បានទៅដល់ ស្ថានីយ ISS តាមរយៈយាន Dragon កាលពីចុងខែកញ្ញា ដោយមានកៅអីសល់ទំនេរចំនួន២ សម្រាប់លោក Wilmore និង លោកស្រី William ពោលគឺអវកាសយានិក ទាំង៤នាក់ ត្រូវបានគ្រោងត្រឡប់មកវិញជាមួយគ្នា នៅខែកុម្ភៈ ឆ្នាំ២០២៥។

យ៉ាងណាមិញ ឥឡូវនេះ NASA បាននិយាយថា បេសកកម្ម Crew-10 ដែលនឹងត្រូវឡើងទៅស្ថានីយ ISS ដើម្បីឆ្លាស់វេនគ្នា នឹងមិនអាចចេញដំណើរ នៅមុនខែមីនា ឆ្នាំ២០២៥ ឡើយ។ ប្រការនេះមានន័យថា លោក Wilmore និងលោកស្រី Williams នឹងចំណាយពេលដល់ទៅជាង៩ខែ នៅក្នុងទីអវកាស ជំនួសឱ្យពេលត្រឹមតែ៨ថ្ងៃ ដែលត្រូវបានគ្រោងទុកពីដំបូង៕